(អ៊ូបេគីស្ថាន)៖ វេជ្ជបណ្ឌិតម្នាក់ នៅក្នុងប្រទេសអ៊ូសបេគីស្ថាន បានបាត់បង់ជីវិតនៅថ្ងៃសៅរ៍នេះ បន្ទាប់ពីបរាជ័យក្នុងការព្យាយាមព្យាបាលជំងឺ COVID-19 ដែលលោក ផ្ទាល់ បានលាក់បាំងអ្នកដៃទៃ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី២៨ ខែមីនា ឆ្នាំ២០២០។

បើតាមក្រសួងសុខាភិបាលអ៊ូសបេគីស្ថាន វេជ្ជបណ្ឌិតខាងលើមានអាយុ៣៩ឆ្នាំ បានឆ្លង COVID-19 ពីអ្នកជំងឺម្នាក់។ ប៉ុន្តែ លោកបានបិទបាំងរឿងនេះដោយសម្ងំព្យាបាល ជំងឺនេះដោយខ្លួនឯង។ លោកត្រូវបានគេបញ្ជូនមកកាន់មន្ទីរពេទ្យ កាលពីថ្ងៃទី២៦ ខែមីនា ក្រោមស្ថានភាពធ្ងន់ធ្ងរ ហើយបានស្លាប់នៅថ្ងៃទី២៨ ខែមីនានេះ។ វេជ្ជបណ្ឌិត រូបនេះក៏បានក្លាយជាជនរងគ្រោះទី២ ដែលបានស្លាប់ដោយជំងឺរាតត្បាតសកលនេះ នៅក្នុងប្រទេសអ៊ូសបេគីស្ថាន ផងដែរ។

គួរជម្រាបថា បច្ចុប្បន្ន អ៊ូសបេគីស្ថាន មានករណីឆ្លង COVID-19 ចំនួន១០៤ករណី ហើយជាវិធានការទប់ស្កាត់ និងបង្ការ រដ្ឋាភិបាលនៃប្រទេសអាស៊ីកណ្ដាលមួយនេះ បានសម្រេចចិត្តបិទខេត្តទាំងអស់របស់ខ្លួន ជាមួយការដាក់ចេញបំរាមលើពលរដ្ឋ មិនឱ្យចេញពីផ្ទះ លើកលែងតែក្នុងករណីចាំបាច់៕