(តេហេរ៉ង់)៖ ក្រសួងសុខាភិបាលអ៉ីរ៉ង់ បានឱ្យដឹងថាចំនួនអ្នកស្លាប់ដោយសារ COVID-19 នៅទូទាំងប្រទេសបានកើនដល់ ២,៥១៧នាក់ បន្ទាប់ពីអ្នកជំងឺ១៣៩នាក់ បន្ថែមទៀត បានស្លាប់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃសៅរ៍ ទី២៨ ខែមីនា ឆ្នាំ២០២០។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃសៅរ៍នេះ អ្នកនាំពាក្យក្រសួងសុខាភិបាលអ៉ីរ៉ង់ លោក Kianoush Jahanpour បានបញ្ជាក់ទៀតថាចំនួនអ្នកឆ្លងសរុប ក៏បាន កើនដល់ ៣៥,៤០៨នាក់ផងដែរ ក្រោយករណីឆ្លងថ្មីចំនួន ៣,០៧៦ ត្រូវបានរាយការណ៍ក្នុងរយៈពេលតែ២៤ម៉ោងប៉ុណ្ណោះ ពេញមួយថ្ងៃសុក្រម្សិលមិញ។ លោក បន្ថែមថា អ្នកជំងឺ ១១,៦៧៩នាក់បានជាសះស្បើយ និងត្រូវបានអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញ រីឯ៣,០២៦នាក់ ស្ថិតនៅក្នុងស្ថានភាពធ្ងន់ធ្ងរ ខណៈប្រជាជនអ៉ីរ៉ង់ ៥៧លាននាក់ ទទួលបានការត្រួតពិនិត្យរក COVID-19៕