(គូឡាឡាំពួ)៖ ប្រទេសម៉ាឡេស៊ីនៅតែមិនទាន់ បង្ហាញសញ្ញាថាអាចធូរស្រាលនៅឡើយទេ ខណៈនៅល្ងាចថ្ងៃសៅរ៍ ទី២៨ ខែមីនា ឆ្នាំ២០២០នេះ អាជ្ញាធរសុខាភិបាលទើបតែបានប្រកាស ពីការរកឃើញអ្នកឆ្លងជំងឺ COVID-19 ចំនួន ១៥៩ករណីថែមទៀត ដែលធ្វើឲ្យចំនួនអ្នកឆ្លងសរុប កើនឡើងដល់ ២,៣២០ករណី ក្នុងនោះអ្នកជំងឺ ២៧នាក់ស្លាប់។ នេះបើតាមការចេញផ្សាយដោយ CNA។

ទោះបីជាបែបនេះក្តី អត្រាស្លាប់ដោយសារ COVID-19 នៅក្នុងប្រទេសអាស៊ានមួយនេះ ស្ថិតនៅក្នុងកម្រិតទាបនៅឡើយបើធៀបនឹង ប្រទេសឥណ្ឌូណេស៊ី ដែលមានករណីឆ្លងសរុប ១,១១៥ករណី ប៉ុន្តែអ្នកស្លាប់វិញគឺមានចំនួនរហូតដល់ ១០២នាក់ឯណោះ។

គួរបញ្ជាក់ថា នៅថ្ងៃសៅរ៍ដដែលនេះ ម៉ាឡេស៊ីបានរាយការណ៍ពីមនុស្សស្លាប់ បន្ថែមទៀតតែម្នាក់ប៉ុណ្ណោះដោយសារជំងឺ COVID-19 ដែលជាបុរសវ័យ ៦៥ឆ្នាំ ដោយជនរងគ្រោះធ្លាប់មានប្រវត្តិកើតជំងឺទឹកនោមផ្អែម និងលើសឈាម។ ដោយឡែកអ្នកជំងឺ ៧៣នាក់កំពុងស្ថិតនៅក្នុងការថែទាំពិសេស និង ៥៤ស្ថិតនៅក្នុងស្ថានភាពធ្ងន់ធ្ងរ ដែលកំពុងស្ថិតក្នុងការសង្គ្រោះបន្ទាន់៕