(ប៉េកាំង)៖ សាកលវិទ្យាល័យអាមេរិក ចនស៍ ហប់ឃីនស៍ (Johns Hopkins) ដែលកំពុងតាមដានជាប្រចាំចំពោះករណីឆ្លងជំងឺ COVID-19 នៅក្នុងសហរដ្ឋអាមេរិក និងទូទាំងពិភពលោកទាំងមូល បានបញ្ចេញតួលេខថ្មីប្រចាំថ្ងៃរបស់ខ្លួនឲ្យដឹងថា ចំនួនអ្នកឆ្លង COVID-19 លើពិភពលោកបានកើនឡើងដល់ ៦០១,៤៧៨នាក់ ក្នុងនោះអ្នកជំងឺ ២៧,៨៦២នាក់ស្លាប់ និងជាង ១៣០,០០០នាក់ជាសះស្បើយ។ នេះបើតាមការដកស្រង់ ដោយស៊ីនហួរ នៅវេលាម៉ោង ៥៖០០នាទីល្ងាចថ្ងៃសៅរ៍ ទី២៨ ខែមីនា ឆ្នាំ២០២០។

គួរបញ្ជាក់ថា ប្រទេសដែលមានករណីឆ្លងច្រើនជាងគេបំផុត នៅលើពិភពលោកពេលនេះគឺសហរដ្ឋអាមេរិក ដោយនៅទូទាំងរដ្ឋចំនួន ៥០ មានការឆ្លងសរុប ១០៤,០០០ករណី ខណៈប្រទេសអ៉ីតាលីស្ថិតនៅទ្វីបអឺរ៉ុបវិញ ជាប្រទេសមានមនុស្សស្លាប់ច្រើនជាងគេបំផុត ដោយសារតែជំងឺ COVID-19 រហូតដល់ទៅជាង ៩,១០០នាក់ ដែលជាចំនួនច្រើនជាប្រទេសចិន រហូតទៅដល់ជិត ៣ដងឯណោះ៕