(វែលលីងតុន)៖ ក្រុមហ៊ុនអាកាសចរណ៍នូវែលសេឡង់ (Air New Zealand) បានរាយការណ៍ឲ្យដឹងនៅថ្ងៃសៅរ៍នេះថា សមាជិកអាកាសយានិករបស់ខ្លួនចំនួន ០៨ នាក់បានធ្វើតេស្ត «វិជ្ជមាន» ចំពោះជំងឺ COVID-19។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នារសៀលថ្ងៃសៅរ៍ ទី២៨ ខែមីនា ឆ្នាំ២០២០។

អ្នកនាំពាក្យរបស់ក្រុមហ៊ុនអាកាសចរណ៍នូវែលសេឡង់ បានគូសបញ្ជាក់ថា អាកាសយានិកទាំង ០៨ នាក់ដែលឆ្លងជំងឺ COVID-19 ខាងលើ ឥឡូវនេះកំពុងនៅ ដាច់ដោយឡែកពីគេក្នុងផ្ទះ ដើម្បីសម្រាក និងព្យាបាលជំងឺ ខណៈប្រតិបត្តិការស្វែងរកជនដែលមានទំនាក់ទំនងជិតស្និតជាមួយពួកគេ កំពុងតែដំណើរ។ អ្នកនាំពាក្យរូបនេះក៏បានបន្ថែមទៀតថា «គ្មានបុគ្គលិកណាម្នាក់ក្នុងចំណោមអ្នកទាំងនេះ បម្រើការលើយន្ដហោះទៀតនោះទេ ចាប់តាំងពីពួកគេតេស្តឃើញថា ឆ្លងជំងឺ COVID-19»

គួរជម្រាបថា បើគិតត្រឹមថ្ងៃសៅរ៍នេះ នូវែលសេឡង់ បានកត់ត្រាអ្នកឆ្លងជំងឺដ៏កាចសាហាវនេះចំនួន ៤៥១ ករណីហើយ តែមិនទាន់មានករណីស្លាប់ទេ។ ករណី ភាគច្រើនដែលកើតឡើងក្នុងប្រទេសមួយនេះ គឺជាប់ទាក់ទងនឹងការធ្វើដំណើរក្រៅប្រទេស ហើយករណីឆ្លងក្នុងសហគមន៍ ក៏គេឃើញមាននៅរដ្ឋអ៊ូកឡែន (Auckland), រដ្ឋវែលលីងតុន (Wellington), រដ្ឋហ្គ្វីនស៍ថោន (Queenstown) និងរដ្ឋហាមីលតុន (Hamilton) ផងដែរ៕