(សេអ៊ូល)៖ អាជ្ញាធរសុខាភិបាលកូរ៉េខាងត្បូងនៅព្រឹកថ្ងៃសៅរ៍ ទី ២៨ ខែមីនា ឆ្នាំ២០២០ នេះបានរាយការណ៍ឲ្យដឹងថា សម្រាប់រយៈពេលពេញមួយថ្ងៃសុក្រម្សិលមិញនេះ កូរ៉េខាងត្បូងបានកត់ត្រាករណីឆ្លងថ្មីនៃជំងឺ COVID-19 ចំនួន ១៤៦ករណីបន្ថែមទៀត ដែលជាតួលេខមួយដែលខ្ពស់បំផុត ក្នុងរយៈពេលមួយសប្តាហ៍កន្លងទៅនេះ។ នេះបើយោងតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA។

តែទោះយ៉ាងណា បើតាមមជ្ឈមណ្ឌលកូរ៉េសម្រាប់ការគ្រប់គ្រង និងបង្ការជំងឺដែលហៅកាត់ថា KCDC បានធ្វើការកត់ស្គាល់ថា ករណីឆ្លងថ្មីៗខាងលើនេះ គឺភាគច្រើនជាករណីនាំចូលប៉ុណ្ណោះ ខណៈប្រទេសអាស៊ីខាងកើតមួយនេះ កំពុងទទួលរងនូវការកើនឡើងនៃករណីនាំចូលពីអ៊ឺរ៉ុប និងសហរដ្ឋអាមេរិក នារយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះយ៉ាងគំហុក។
ជាមួយនឹងតួលេខចុងក្រោយនេះដែរ វាបានធ្វើឲ្យកូរ៉េខាងត្បូងមានចំនួនអ្នកឆ្លងសរុបនៅក្នុងប្រទេសកើនដល់ ៩,៤៧៨នាក់ដោយក្នុងនោះ ១៤៤នាក់ស្លាប់បាត់បង់ជីវិត ហើយក្នុងចំណោមករណីឆ្លង COVID-19 សរុបទាំង ៩,៤៧៨ករណីនោះទៀតសោត មាន ៣៦៣ករណីជាករណីនាំចូលពីក្រៅប្រទេស។

គួរជម្រាបថា ប្រទេសដែលមានសេដ្ឋកិច្ចលំដាប់ទី ៤ នៅអាស៊ីមួយនេះ ត្រូវបានគេចាត់ទុកថា ជាប្រទេសដែលរងគ្រោះធ្ងន់ធ្ងរបំផុតមួយដោយសារ COVID-19 នៅអាស៊ីបន្ទាប់ពីចិន។ ប៉ុន្តែនារយៈពេលពីរសប្តាហ៍ចុងក្រោយ គេឃើញថា តួលេខនៃអ្នកឆ្លងថ្មីហាក់បានធូរស្បើយយ៉ាងខ្លាំង ដោយស្ថិតនៅក្រោមខ្ទង់ ១០០ជានិច្ច បើប្រៀបធៀបនឹងចំនួនករណីឆ្លងថ្មីលើសពី ៩០០ករណីក្នុងមួយថ្ងៃៗ កាលពីដើមខែកុម្ភៈកន្លងទៅនេះ។ ពោលគឺទើបតែនៅថ្ងៃនេះទេ តួលេខអ្នកឆ្លងថ្មីៗបានហក់ឡើងជិតដល់ ១៥០ករណីវិញក្នុងមួយថ្ងៃ ប៉ុន្តែក៏មានករណីនាំចូលជំងឺពីក្រៅប្រទេសច្រើនផងដែរ៕