(ប៉ារីស)៖ ប្រធានាធិបតីបារាំងលោក អ៊ែមម៉ានុយអ៊ែល ម៉ាក្រុង ត្រូវបានគេមើលឃើញថា ហាក់ដូចជាកំពុងចង់យកឈ្នះ ទឹកចិត្តរបស់ប្រជាជនអ៉ីតាលី ដែលកំពុងញំញីដោយសារ COVID-19 ជាមួយការបញ្ជាក់ថា បារាំងនៅទីនេះដើម្បីចាំជួយនិច្ច ហើយអ៉ឺរ៉ុបទាំងមូល គួរកុំអាត្មានិយម។ ប៉ុន្តែស្របពេលជាមួយគ្នា លោកបានសង្កត់ធ្ងន់ថា ប្រជាជនអ៉ីតាលីគួរតែប្រយ័ត្នយែង ចំពោះការនិយាយតែពីជំនួយរបស់ចិន ឬរុស្ស៊ី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី២៨ ខែមីនា ឆ្នាំ២០២០។

លោក ម៉ាក្រុង ធ្វើការកត់សម្គាល់បែបនេះ នៅក្នុងបទសម្ភាសន៍ជាមួយកាសែតអ៉ីតាលីធំៗចំនួនបី ដែលបានចេញផ្សាយនៅថ្ងៃសៅរ៍នេះ។ នាឱកាសនោះប្រធានាធិបតីបារាំងរូបនេះ បានលើកឡើងយ៉ាងដូច្នេះថា «បារាំងកំពុងស្ថិតនៅជាមួយអ៉ីតាលី... វាមានការនិយាយជាច្រើនពីជំនួយរបស់ចិន ឬរុស្ស៊ី ដើម្បីប្រឆាំង COVID-19 ប៉ុន្តែហេតុអ្វីបានជាយើងមិននាំគ្នានិយាយថា បារាំង និងអាល្លឺម៉ង់ បានផ្ដល់ម៉ាស ២លាន និងស្រាមដៃរាប់ម៉ឺនគូឱ្យអ៉ីតាលីផង?»

ប្រធានាធិបតីវ័យក្មេងរបស់បារាំងរូបនេះ បានបន្តទៀតថា «វាមិនទាន់គ្រប់គ្រាន់នោះទេ តែនេះគ្រាន់តែជាការចាប់ផ្ដើមតែប៉ុណ្ណោះ ហើយយើងមិនត្រូវឱ្យខ្លួនរបស់យើង ត្រូវបានគេបំពុល ឬធ្វើឲ្យវង្វេងដោយអ្វីមួយ ដែលដៃគូអន្តរជាតិរបស់យើង និងគូប្រជែងរបស់យើងនិយាយនោះទេ»

គួរជម្រាបថា អ៉ីតាលីដែលកំពុងរងគ្រោះធ្ងន់ធ្ងរជាងគេ ដោយសារ COVID-19 ធ្លាប់បានរិះគន់បារាំង និងអាល្លឺម៉ង់ បន្ទាប់ពីប្រទេសទំាងពីរនេះដំបូងឡើយ បដិសេធផ្ដល់ជំនួយជាម៉ាស និងគ្រឿងបរិក្ខាវេជ្ជសាស្ត្រដទៃៗទៀត ដើម្បីជួយដោះស្រាយវិបត្តិ នៃជំងឺរាតត្បាតសកលមួយនេះ ដែលជាហេតុធ្វើឱ្យទីក្រុងរ៉ូមងាកទៅរកជំនួយចិន ដែលបានត្រូវបានបញ្ជូនតាមយន្ដហោះផ្ទុកពេញដោយម៉ាស បូករួមទាំងក្រុមជំនាញវេជ្ជសាស្ត្រចិន និងបរិក្ខាពេទ្យជាច្រើនមកជួយប្រយុទ្ធជាមួយ COVID-19 ស្របពេលរុស្ស៊ីក៏បានផ្ដល់ជំនួយឱ្យអ៉ីតាលីផងដែរ៕