(ឡុងដ៍)៖ សារព័ត៌មានអង់គ្លេស BBC បានចេញផ្សាយនៅមុននេះបន្តិច នាល្ងាចថ្ងៃសុក្រ ទី២៧ ខែមីនា ឆ្នាំ២០២០នេះថា លោកនាយករដ្ឋមន្ត្រី បូរីស ចនសុន (Borison Johnson) ត្រូវបានធ្វើតេស្ត និងចេញលទ្ធផលវិជ្ជមាន ចំពោះវីរុសកូរ៉ូណាថ្មី (COVID-19)។

សារព័ត៌មាន BBC បានបន្តទៀតថា ពេលនេះលោក បូរីស ចនសុន មានរោគសញ្ញាក្នុងកម្រិតស្រាលប៉ុណ្ណោះ ហើយលោកកំពុងស្នាក់នៅដាច់ដោយឡែក ដើម្បីទទួលការព្យាបាល នៅក្នុងវិមានដោននីង (Downing Street) ដែលជាទីសំណាក់នៃនាយករដ្ឋមន្ត្រី។

នៅក្នុងសេចក្តីថ្លែងការណ៍មួយបានបញ្ជាក់ថា «លោកនាយករដ្ឋមន្ត្រីបានទទួលការធ្វើតេស្តរកវីរុសកូរ៉ូណា ក្រោមការផ្តល់ដំបូន្មានពីសាស្ត្រាចារ្យ គ្រីស វៃធី (Chris Whitty) ដែលជាប្រធានការិយាល័យវេជ្ជសាស្ត្រអង់គ្លេស»

គួរបញ្ជាក់ថា ទោះបីជាបានឆ្លង COVID-19 ហើយក៏ដោយក៏លោក បូរីស ចនសុន នៅតែបន្តស្ថិតនៅក្នុងការគ្រប់រដ្ឋាភិបាលអង់គ្លេសដដែល ដើម្បីដោះស្រាយវិបត្តិប្រទេសជាតិ ទៅមុខទៀត ប៉ុន្តែគឺវាអាស្រ័យទៅលើស្ថានភាពសុខភាពរបស់លោក៕