(ប៉េកាំង)៖ អាជ្ញាធរសុខាភិបាលចិននៅព្រឹកថ្ងៃសុក្រនេះបានរាយការណ៍ថា ក្នុងរយៈពេលពេញមួយថ្ងៃព្រហស្បតិ៍ម្សិលមិញ ករណីអ្នកឆ្លង COVID-19 សរុប៥៥នាក់ត្រូវបានរកឃើញ ប៉ុន្តែមានតែ១ករណីប៉ុណ្ណោះជាករណីឆ្លងក្នុងប្រទេសផ្ទាល់ ខណៈ៥៤ទៀតជាករណីនាំចូលមក ពីខាងក្រៅ ។ នេះបើយោងតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មាន ស៊ីនហួរ នៅថ្ងៃសុក្រ ទី២៧ ខែមីនា ឆ្នាំ២០២០។

បើបូកបញ្ចូលទាំងចំនួនករណីឆ្លងថ្មីៗទាំង៥៤ដែលជាករណីនាំចូលនោះ វាបានធ្វើឲ្យចំនួនករណីឆ្លងសរុបដែលនាំចូលមកពីក្រៅប្រទេស បានកើនដល់៥៩៥ករណីនៅទូទាំងប្រទេសចិន។ ដោយឡែកសម្រាប់របាយការណ៍ប្រចាំថ្ងៃ របស់គណៈកម្មការសុខាភិបាលចិន (NHC) ស្តីពីតួលេខអ្នកជាសះស្បើយពីជំងឺ COVID-19 វិញបានឲ្យដឹងថា ចំនួនសរុបនៃអ្នកដែលបានជាសះស្បើយ នៅទូទាំងប្រទេសចិនបានកើនដល់៧៤,៥៨៨នាក់ ដោយក្នុងនោះ៥៣៧នាក់ ទើបតែត្រូវបានគេអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ។ ក្នុងថ្ងៃដដែល ក៏មានអ្នកជំងឺ៥នាក់បាត់បង់ជីវិតផងដែរ

នៅក្នុងរបាយការណ៍ថ្មីចុងក្រោយនេះ NHC ក៏បានបញ្ជាក់ផងដែរថា ចំនួនអ្នកឆ្លងសរុបនៃវីរុសកូរ៉ូណាថ្មី ឬ COVID-19 នៅចិន កើនដល់៨១,៣៤០ករណី ក្នុងនោះ ៣,២៩២នាក់បានបាត់បង់ជីវិត បន្ទាប់ពី០៥នាក់ទៀតទើបតែបានស្លាប់ កាលពីថ្ងៃព្រហស្បតិ៍។

គួរជម្រាបថា តួលេខខាងលើនេះ គឺជាតួលេខនៅចិនដីគោក ដោយមិនរាប់បញ្ចូលករណីនៅទីក្រុងហុងកុង ទីក្រុងម៉ាកាវ និងកោះតៃវ៉ាន់ នោះឡើយ។ ដោយឡែក ចិនក៏បានធ្វើការរឹតបន្តឹងខ្លាំងលើអ្នកធ្វើដំណើរចូលមកក្នុងប្រទេសផងដែរ ព្រោះតែករណីនាំចូល COVID-19 ចេះតែកើនឡើងជាលំដាប់៕