(ប៉េកាំង)៖ ប្រធានាធិបតីចិន លោក ស៊ី ជិនពីង កំឡុងកិច្ចប្រជុំកំពូលនៃប្រទេស G20 កាលពីថ្ងៃព្រហស្បតិ៍ បានអំពាវនាវឲ្យពិភពលោករួម សាមគ្គីភាពធ្វើសង្រ្គាមឲ្យអស់ពីលទ្ធភាពប្រឆាំងនឹងការឆ្លងរាតត្បាតនៃ COVID-19។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារ ព័ត៌មាន ស៊ីនហួរ នៅថ្ងៃសុក្រ ទី២៧ ខែមីនា ឆ្នាំ២០២០។

ថ្លែងចេញពីទីក្រុងប៉េកាំង ក្នុងឱកាសនៃការបើកកិច្ចប្រជុំកំពូលតាមវីដេអូអនឡាញជាមួយបណ្តាមេដឹកនាំ G20 ដទៃទៀត លោក ស៊ី បាន និយាយដូច្នេះថា «វាគឺជារឿងសំខាន់យ៉ាងខ្លាំងដែលសហគមន៍អន្តរជាតិ ត្រូវតែពង្រឹងជំនឿចិត្ត រួមសាមគ្គីគ្នា ហើយសហការក្នុងការឆ្លើយ តបជារួមប្រឆាំងនឹង COVID-19»។ ដោយហៅវាថាជាសត្រូវរបស់ពិភពលោក លោកប្រធានាធិបតីចិនបានបន្តថា អន្តរជាតិត្រូវតែបង្កើន កិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បី អាចឲ្យមនុស្សជាតិយើងទទួលជ័យជម្នះក្នុងសមរភូមិប្រឆាំង COVID-19។

គួរជម្រាបថា កិច្ចប្រជុំកំពូលខាងលើត្រូវបានធ្វើឡើង ស្របពេលដែលជំងឺ COVID-19 បានឆ្លងរាលដាលដល់មនុស្សជាងកន្លះលាននាក់ ក្នុងនោះស្លាប់ច្រើនជាង២៣,០០០នាក់ ខណៈប្រហែល១២២,០០០នាក់បានជាសះស្បើយ៕