(យូអិន)៖ អគ្គលេខាធិការនៃអង្គការសហប្រជាជាតិ (UN) លោក អាន់តូនីញ៉ូ ហ្គួទែរែស (Antonio Guterres) នាថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ (ពេលវេលានៅញូយ៉ក) បានប្រាប់មេដឹកនាំប្រទេស G20 ថា យើងទាំងអស់គ្នាកំពុងស្ថិតក្នុងសង្រ្គាម ជាមួយជំងឺដ៏កាចសាហាវមួយ ហើយមិនទាន់មានសញ្ញាថា នឹងឈ្នះវាឡើយ ប៉ុន្តែស្ថាប័នជាចំណុះ UN ទាំងអស់នៅជុំវិញពិភពលោកកំពុងប្រឹងប្រែងជាខ្លាំង ដើម្បីជួយក្នុងការប្រយុទ្ធប្រឆាំង COVID-19 រហូតដល់ទីបំផុត។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានស៊ីនហួរ នៅរសៀលថ្ងៃសុក្រ ទី២៧ ខែមីនា ឆ្នាំ២០២០។

លោក Guterres បានលើកឡើងបែបនេះ ក្នុងកំឡុងកិច្ចប្រជុំកំពូលតាមវីដេអូអនឡាញ ជាមួយបណ្តាមេដឹកនាំនៃប្រទេស G20 ។ លោក Guterres បាននិយាយថា សង្រ្គាមនៅចំពោះមុខនេះ ត្រូវការផែនការដ៏ជាក់លាក់មួយ ដើម្បីប្រយុទ្ធតទល់ជាមួយវា ហើយលោកបានសង្កត់ធ្ងន់ថា ការរួមសាមគ្គីភាពពិតជាមានសារៈសំខាន់ជាខ្លាំង រវាងបណ្តាប្រទេស G20 និងជាមួយបណ្តាប្រទេសកំពុងអភិវឌ្ឍ និងប្រទេសដែល កំពុងមានជម្លោះប្រដាប់អាវុធ។

ជាមួយគ្នានេះ ប្រមុខអង្គការសហប្រជាជាតិក៏បានស្នើឲ្យប្រទេស G20 រួមគ្នាកាត់បន្ថយផលប៉ះពាល់ផ្នែកសង្គម និងសេដ្ឋកិច្ច បង្កឡើងដោយជំងឺរាតត្បាតជាសកល COVID-19 ហើយផ្តល់ជំនួយដល់បណ្តាប្រទេសកំពុងអភិវឌ្ឍ ដើម្បីបង្កើនសមត្ថភាពឆ្លើយតបជំងឺ នៃប្រទេសទាំងនោះ ។ លោក Guterres ក៏បានអំពាវនាវឲ្យមានការដកជាបណ្តោះអាសន្នសិន នូវទណ្ឌកម្មទាំងឡាយណា ដែលអាចប៉ះពាល់ដល់សមត្ថភាព នៃការឆ្លើយតបរបស់ប្រទេសមួយចំនួន ចំពោះការរីករាលដាលនៃ COVID-19 ផងដែរ។

គួរជម្រាបថា ចំនួនករណីឆ្លង COVID-19 លើពិភពលោក បានកើនលើសកន្លះលាននាក់ហើយ ក្នុងនោះស្លាប់ ២៣,៦០០នាក់ និងជាសះស្បើយ ១២២,០០០នាក់៕