(តូក្យូ)៖ រដ្ឋាភិបាលជប៉ុននៅព្រឹកថ្ងៃសុក្រ ទី២៧ ខែមីនា ឆ្នាំ២០២០ នេះបានប្រកាសថា ប្រទេសមហាសេដ្ឋកិច្ចលេខ ៣ លើលោកមួយនេះ មិនចាំបាច់ត្រូវប្រកាសភាពអាសន្នក្នុងពេលនេះឡើយ ប៉ុន្តែលោកនាយករដ្ឋមន្ត្រី អាបេ ស៊ីនហ្សូ ធ្លាប់បានលើកឡើងមួយថ្ងៃមុននេះថា ការរាតត្បាតនៃវីរុសកូរ៉ូណាថ្មី (COVID-19) គឺជាវិបត្តិមួយរបស់ជាតិ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA។

ការបញ្ជាក់ជំហរខាងលើនេះ ត្រូវបានធ្វើឡើងដោយអ្នកនាំពាក្យរដ្ឋាភិបាលជប៉ុន លោក ស៊ូហ្គា យូស៊ីហ៊ីដេ (Yoshihide Suga) ខណៈដែលជប៉ុនទើបមានអ្នកឆ្លង COVID-19 សរុបជាង ១,០០០ករណី និងអត្រាស្លាប់ស្ថិតក្នុងកម្រិតទាបនៅឡើយ បើធៀបនឹង បណ្តាប្រទេសធំៗមួយចំនួន ក៏ដូចជាប្រទេសចិន និងកូរ៉េខាងត្បូងដែលនៅក្បែរខាងនោះ។

ទោះបីជាបែបនេះក្តី នាយករដ្ឋមន្ត្រីជប៉ុនលោក អាបេ ស៊ីនហ្សូ បានសម្រេចបង្កើតកងកម្លាំងពិសេស ទប់ទល់នឹងវិបត្តិបង្កឡើងដោយ COVID-19 រួចទៅហើយ ដែលសកម្មភាពនេះត្រូវបានគេមើលឃើញថា ជាការបោះជំហានទៅរកការប្រកាសភាពអាសន្ន ខណៈដែលការប្រកួតកីឡា អូឡាំពិកនៅជប៉ុន ក៏ត្រូវបានសម្រេចពន្យារទៅឆ្នាំ២០២១ រួចទៅហើយដែរ៕