(កាប៊ុល)៖ រដ្ឋាភិបាលអាហ្វហ្គានីស្ថាននាថ្ងៃព្រហស្បតិ៍នេះ បានប្រកាសថា នឹងដោះលែងអ្នកទោសរហូតដល់១០,០០០នាក់ ដើម្បីជាវិធានការទប់ស្កាត់ប្រឆាំងនឹងការឆ្លងរាលដាលនៃ COVID-19។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២៦ ខែមីនា ឆ្នាំ២០២០។

ក្នុងសន្និសីទមួយធ្វើឡើងនៅរដ្ឋធានីកាប៊ុល អគ្គរដ្ឋអាជ្ញារបស់អាហ្វហ្គានីស្ថាន លោក Farid Hamidi បាននិយាយថា វិធានការនេះ ត្រូវបានដាក់ចេញក្រោមបទបញ្ជាផ្ទាល់របស់ប្រធានាធិបតីលោក Mohammad Ashraf Ghani ហើយលោក Hamidi បានបញ្ជាក់ថា ការដោះលែងនឹងធ្វើឡើងតែចំពោះអ្នកទោសណា ដែលមានអាយុលើសពី៥៥ឆ្នាំ និងមិនបានប្រព្រឹត្តបទល្មើសធ្ងន់ធ្ងរ។

គួរជម្រាបថា អ្នកទោសប្រមាណ១ម៉ឺននាក់ខាងលើ នឹងត្រូវដោះលែងតាមដំណាក់កាល ក្នុងកំឡុងពេល១០ថ្ងៃខាងមុខ។ បច្ចុប្បន្ន ចំនួនអ្នកឆ្លង COVID-19 នៅអាហ្វហ្គានីស្ថាន គឺយ៉ាងតិច៨០នាក់ ក្នុងនោះ២នាក់បានជាសះស្បើយ និងមិនមានអ្នកស្លាប់ទេ៕