(សិង្ហបុរី)៖ ក្រសួងសុខាភិបាលសិង្ហបុរីនាថ្ងៃព្រហស្បតិ៍នេះ បានរាយការណ៍ពីករណីឆ្លងនៃ COVID-19 ចំនួន៥២ករណីថែមទៀត ដែលជាហេតុធ្វើឲ្យចំនួនអ្នកឆ្លងសរុបនៅក្នុងប្រទេសសិង្ហបុរី បន្តកើនដល់៦៨៣នាក់។ នេះបើតាមការដកស្រង់ការផ្សាយចេញពី សារព័ត៌មាន CNA នៅថ្ងៃព្រហស្បតិ៍ ទី២៦ ខែមីនា ឆ្នាំ២០២០។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលសិង្ហបុរី ក្នុងចំណោមករណីថ្មីខាងលើ មាន២៨ករណីជាករណីនាំចូល មកពីក្រៅប្រទេស ខណៈ២៤ករណីជាការឆ្លងនៅក្នុងប្រទេសផ្ទាល់។ សម្រាប់ករណីនាំចូល គឺមានជាប់ពាក់ព័ន្ធនឹងអ្នកធ្វើដំណើរ មកពីអឺរ៉ុប អាមេរិកខាងជើង មជ្ឈិមបូព៌ា អាស៊ាន ព្រមទាំងផ្នែកដទៃទៀតនៃតំបន់អាស៊ី ហើយក្នុងចំណោមអ្នកទាំងនោះ លើកលែងតែ ២នាក់ប៉ុណ្ណោះ គឺសុទ្ធតែជាអ្នកមានទីលំនៅអចិន្រ្តៃយ៍ នៅសិង្ហបុរី និងអ្នកមានប័ណ្ណស្នាក់នៅរយៈពេលវែង។

គួរជម្រាបថា នៅថ្ងៃដដែលនេះ អ្នកជំងឺ១២នាក់ទៀត ក៏ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យផងដែរ ដែលប្រការធ្វើឲ្យចំនួនអ្នក ឆ្លង COVID-19 ដែលបានជាសះស្បើយហើយចេញពីពេទ្យ នៅក្នុងប្រទេសសិង្ហបុរីកើនដល់១៧២នាក់។ យ៉ាងណាមិញ សិង្ហបុរី ក៏មានអ្នកជំងឺ២នាក់បាត់បង់ជីវិតផងដែរ៕