(ញូដេលី)៖ អ្នកជំងឺ COVID-19 សរុប ០៣នាក់បន្ថែមទៀតបានបាត់បង់ជីវិត នៅក្នុងប្រទេសឥណ្ឌា ខណៈរដ្ឋាភិបាលកំពុងព្យាយាមកែលម្អសេវាកម្មជាមូលដ្ឋាន សម្រាប់ប្រជាជន ១.៣ពាន់លាននាក់ ដែលត្រូវស្ថិតនៅក្នុងផ្ទះ ក្រោមវិធានការបិទប្រទេសទាំងមូលរយៈពេល ០៣សប្ដាហ៍ ដើម្បីកាត់បន្ថយអត្រាឆ្លង នៃជំងឺដ៏កាចសាហាវនេះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី២៦ ខែមីនា ឆ្នាំ២០២០។

នៅតាមដងផ្លូវនានានៅក្នុងប្រទេសឥណ្ឌា ប្រែមកជាស្ងប់ស្ងាត់ក្នុងរយៈពេល ០២ថ្ងៃជាប់ៗគ្នាមកហើយ រីឯប៉ូលិសប្រឹងបង្កើនការរឹតបន្តឹងវិធានការ បិទប្រទេសទាំងមូល ០៣សប្ដាហ៍ និង ២៤ម៉ោងក្នុងមួយថ្ងៃ។ ការធ្វើដំណើរចេញក្រៅផ្ទះ ត្រូវបានអនុញ្ញាតត្រឹមតែការទៅទិញម្ហូបអាហារ ឬក្នុងករណីចំបាច់តែប៉ុណ្ណោះ។
លោក រ៉ាម ប្រាកាស (Ram Prakash) ជាម្ចាស់ហាងទំនិញមួយក្នុងតំបន់ នីហ្សាមូដឌីន (Nizamuddin) នៃរដ្ឋធានីញូដេលីបានឱ្យដឹងថា ការផ្គត់ផ្គង់ទំនិញសំខាន់ៗមួយចំនួន មានសភាពល្អប្រសើរគ្រាន់បើ តែការលក់ទឹកសុទ្ធដបកំពុងជួបបញ្ហា។ ម្ចាស់ហាងរូបនេះ បានគូសបញ្ជាក់យ៉ាងដូច្នេះថា «យើងនៅតែប្រឈមមុខនឹង បញ្ហាផ្គត់ផ្គង់ជាមួយទំនិញខ្លះ ប៉ុន្តែការយឺតយ៉ាវ និងបញ្ហាផ្គត់ផ្គង់មួយចំនួន ចាប់ផ្ដើមល្អប្រសើរឡើងវិញហើយ»

គួរជម្រាបថា បើតាមក្រសួងសុខាភិបាលឥណ្ឌា ចំនួនអ្នកឆ្លង COVID-19 ទូទាំងប្រទេសបានកើនដល់ ៦៤៩នាក់ ក្នុងនោះមាន ១៣នាក់បានស្លាប់។ ចំនួននេះគឺតិចតួចបើធៀបទៅនឹងអ៉ីតាលី អេស្ប៉ញ និងចិន ប៉ុន្តែក្រុមអ្នកជំនាញសុខាភិបាលព្រមានថា ឥណ្ឌាដែលជាប្រទេសមានប្រជាជន ច្រើនជាងគេបំផុតលេខ ២ នៅលើពិភពលោក អាចនឹងមានវាសនាដូចប្រទេសទាំងបីនេះ ឬក៏អាចធ្ងន់ធ្ងរជាងនេះ បើសិនជាមិនចាត់វិធានការឱ្យមានប្រសិទ្ធភាពទេនោះ៕