(ស៊ីដនី)៖ អ្នកដំណើរសរុប ០៧នាក់នៅលើនាវាទេសចរណ៍ខ្នាតធំមួយគ្រឿង ឈ្មោះ អាថានៀគ្រូស (Artania) ដែលកំពុងសំចតនៅក្បែរឆ្នេរសមុទ្រ នៃដែនដីភាគខាងលិចប្រទេសអូស្ត្រាលី ត្រូវបានក្រុមជំនាញធ្វើតេស្ត និងរកឃើញមានផ្ទុកវីរុសកូរ៉ូណាថ្មី (COVID-19)។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាល្ងាចថ្ងៃព្រហស្បតិ៍ ទី២៦ ខែមីនា ឆ្នាំ២០២០។

អាជ្ញាធរសុខាភិបាលប្រចាំដែនដីភាគខាងលិចអូស្ត្រាលី បានរាយការណ៍ឲ្យដឹងទៀតថា នៅក្នុងកប៉ាល់ខាងលើនេះមានអ្នកដំណើរសរុបជាង ៨០០នាក់ និងបុគ្គលិកបម្រើការងារជាង ៥០០នាក់ ហើយគ្មានជនជាតិអូស្ត្រាលីណាម្នាក់ ស្ថិតនៅលើនាវានោះឡើយ។ អាជ្ញាធរបានឲ្យដឹងទៀតថា ក្រោយការពិនិត្យសុខភាព លើមនុស្ស ២៥នាក់ ដែលមានអការៈសង្ស័យនៃ COVID-19 ដោយក្រុមជំនាញនៅលើនោះផ្ទាល់តែម្តង ០៧នាក់ក្នុងចំណោមពួកគេ ចេញលទ្ធផល «វិជ្ជមាន» ចំពោះ COVID-19។

គួរបញ្ជាក់ថា អ្នកដំណើរទាំង ០៧នាក់ដែលបានឆ្លង COVID-19 នៅនាវា Artania ខាងលើនេះមិនមានសភាពធ្ងន់ធ្ងរនោះទេ ហើយពួកគេកំពុងស្ថិតនៅលើនាវានោះនៅឡើយ។ អាជ្ញាធរនៃដែនដីភាគខាងលិចអូស្ត្រាលី បានទាក់ទងទៅកាន់រដ្ឋាភិបាលសហព័ន្ធរួចហើយ ដើម្បីរង់ចាំចម្លើយថា តើត្រូវធ្វើយ៉ាងណាចំពោះករណីឆ្លង COVID-19 លើនាវាបរទេសខាងលើនេះ។ Artania Cruise Ship គឺជាកម្មសិទ្ធិរបស់ក្រុមហ៊ុនអាល្លឺម៉ង់មួយ ប៉ុន្តែពុំទាន់មានព័ត៌មានបញ្ជាក់ថា នៅលើនាវាមានជនជាតិអ្វីខ្លះនោះឡើយ៕