(ប៉េកាំង)៖ អាជ្ញាធរសុខាភិបាលចិននៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ ខែមីនា ឆ្នាំ២០២០ បានរាយការណ៍ឲ្យដឹងថា មិនមានករណីឆ្លងថ្មី នៃជំងឺ COVID-19 ទេ សម្រាប់ថ្ងៃពុធម្សិលមិញនេះនៅទូទាំងប្រទេសចិន ខណៈ៦៧ករណីផ្សេងទៀត ដែលបានរកឃើញកាលពីម្សិលមិញនេះដែរ គឺសុទ្ធតែជាករណីនាំចូលពីក្រៅប្រទេសទាំងអស់។ នេះបើយោងតាមការដកស្រង់ការផ្សាយ ចេញពីទីភ្នាក់ងារសារព័ត៌មាន ស៊ីនហួរ។

ក្នុងចំណោមករណីថ្មីៗទាំង៦៧ខាងលើដែលបាននាំចូលពីប្រទេសក្រៅ មាន១៨ករណីបានរាយការណ៍ នៅទីក្រុងសៀងហៃ (Shanghai), ១២ករណីនៅខេត្តតំបន់ អ៊ីនណឺម៉ុងហ្គោលី (Inner Mongolia), ១១ករណីខេត្តក្វាងទុង (Guangdong), ០៦ករណីនៅខេត្តហ្វូជាន (Fujian), ០៦ករណីនៅទីក្រុងប៉េកាំង (Beijing), ០៣ករណីខេត្តសាអានស៊ី (Shaanxi) ហើយនៅខេត្តធានជីន (Tianjin), ខេត្តហ្សេជាំង(Zhejiang), ខេត្តជាំងស៊ូ (Jiangsu), និងខេត្តយូណាន (Yunnan) វិញមាន០២ករណីដូចៗគ្នា។ រីឯនៅខេត្តសាអានស៊ី (Shaanxi), ខេត្តជីលីន (Jilin) និងខេត្តហៃណាន (Henan) មានម្នាក់មួយករណី។ តួលេខចុងក្រោយនេះ វាបានធ្វើឲ្យចំនួនករណីឆ្លងសរុបដែលនាំចូលពីក្រៅ បានកើនដល់ ៥៤១ករណី នៅទូទាំងប្រទេសចិន។

ដោយឡែកសម្រាប់របាយការណ៍ប្រចាំថ្ងៃ របស់គណៈកម្មការសុខាភិបាលចិន (NHC) ស្តីពីតួលេខអ្នកជាសះស្បើយពីជំងឺ COVID-19 វិញបានឲ្យដឹងថា ចំនួនសរុបនៃអ្នកដែលបានជាសះស្បើយ នៅទូទាំងប្រទេសចិនបានកើនដល់ ៧៤,០៥១នាក់ ដោយក្នុងនោះ ៤០១នាក់ ទើបតែត្រូវបានគេអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យ កាលពីថ្ងៃពុធម្សិលមិញ។

នៅក្នុងរបាយការណ៍ថ្មីចុងក្រោយនេះ NHC ក៏បានបញ្ជាក់ផងដែរថា ចំនួនអ្នកឆ្លងសរុបនៃវីរុសកូរ៉ូណាថ្មី ឬ COVID-19 នៅទូទាំងចិនដីគោកបានកើនដល់៨១,២៨៥ ករណី ក្នុងនោះ ៣,២៨៧ នាក់បានបាត់បង់ជីវិត។

និយាយជារួម សម្រាប់ថ្ងៃពុធ ទី២៥ ខែមីនា ម្សិលមិញនេះ មានករណីឆ្លង COVID-19 ថ្មីៗបន្ថែមត្រឹមតែ ៦៧ ករណីប៉ុណ្ណោះ ហើយករណីទាំង ៦៧ នោះទៀតសោតសុទ្ធតែជាករណីនាំចូលពីខាងក្រៅប្រទេសទាំងអស់ ដែលត្រូវបានអាជ្ញាធរចិនធ្វើតេស្តរកឃើញ ខណៈចំនួនអ្នកសា្លប់នៅថ្ងៃដដែលនេះមានត្រឹមតែ០៦ ប៉ុណ្ណោះ នៅទូទាំងប្រទេសចិនតែម្តង៕