(វែលីងតោន)៖ បុរសជនជាតិអូស្រ្តាលីដែលជាប់ចោទពីបទ ឃាតកម្មដ៏សាហាវលើសាសនិកឥស្លាម ៥១នាក់ តាមរយៈការបាញ់ប្រហារនៅព្រះវិហារ ពីរកន្លែងក្នុងប្រទេសនូវែលសេឡង់ កាលពីឆ្នាំ២០១៩ នាពេលនេះបានឆ្លើយទទួលសារភាពកំហុស ចំពោះការចោទប្រកាន់ទាំងអស់។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីសារព័ត៌មាន CNA នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ ខែមីនា ឆ្នាំ២០២០។

បុរសខាងលើមានឈ្មោះថា ប្រ៊ែនតុន ថារ៉ានត៍ (Brenton Tarrant) អាយុ២៩ឆ្នាំ ដែលកន្លងមកបានច្រានចោលបទចោទប្រកាន់នានា រួមមានអំពើមនុស្សឃាត លើជនរងគ្រោះ ៥១នាក់, ការប៉ុនប៉ងសម្លាប់មនុស្សចំនួន៤០នាក់ទៀត, និងការធ្វើសកម្មភាពភេរវកម្ម ប៉ុន្តែនាថ្ងៃព្រហស្បតិ៍នេះក៏បានប្រែ គោលជំហររបស់ខ្លួនវិញ ដោយជន Tarrant បានឆ្លើយទទួលយកកំហុស ចំពោះការចោទប្រកាន់ទាំងអស់។

គួរជម្រាបថា ពុំមានការបញ្ជាក់ពីហេតុផល នៅពីក្រោយការផ្លាស់ប្តូរគោលជំហររបស់ជន Tarrant ឡើយ។ យ៉ាងណាមិញ ចៅក្រមនឹងធ្វើការផ្តន្ទាទោសលើ Tarrant ប៉ុន្តែមិនទាន់ច្បាស់ថា នឹងប្រព្រឹត្តទៅនាពេលណាឡើយ ស្របពេលដែលបច្ចុប្បន្ននូវែសេឡង់ កំពុងស្ថិតក្រោមការបិទប្រទេសរយៈពេល ០៤សប្តាហ៍ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19 ដែលកំពុងរាតត្បាតជុំវិញពិភពលោក៕