(ម៉ូស្គូ)៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានឱ្យដឹងនៅថ្ងៃពុធនេះថា លោកបានសម្រេចចិត្ត ចេញបញ្ជាឱ្យផ្អាកការរៀបចំការបោះឆ្នោតថ្នាក់ជាតិមួយលើវិសោធនកម្ម រដ្ឋធម្មនុញ្ញ ដោយសារតែជំងឺឆ្លងរាតត្បាត COVID-19។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៥ ខែមីនា ឆ្នាំ២០២០។

ការបោះឆ្នោតលើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដែលត្រូវបានគេជឿជាក់ថានឹងបើកផ្លូវឱ្យលោក ពូទីន បន្តកាន់អំណាចតទៅទៀត ដំបូងឡើយគ្រោងនឹងធ្វើឡើងនៅថ្ងៃទី២២ ខែមេសា ខាងមុខនេះ។ យ៉ាងណាក៏ដោយ លោក ពូទីន ផ្ទាល់មិនបញ្ជាក់ពីកាលបរិច្ឆេទបោះឆ្នោតថ្មីនោះទេ ដោយគ្រាន់តែនិយាយយ៉ាងខ្លីថា លោកនិងក្រុមមន្ត្រី នឹងពិភាក្សាគ្នាក៏ដូចជា វាយតម្លៃលើស្ថានភាពបច្ចុប្បន្ន ដើម្បីសម្រេចចិត្តរៀបចំកាលបរិច្ឆេទថ្មីសម្រាប់ការបោះឆ្នោតនេះ។

គួរជម្រាបថា នៅថ្ងៃពុធនេះដែរ អាជ្ញាធរសុខាភិបាលរុស្ស៊ី រកឃើញការឆ្លងថ្មីនៃ COVID-19 ចំនួន១៦៣ករណីថ្មីបន្ថែមទៀត ធ្វើឱ្យអ្នកឆ្លងសរុបនៅទូទាំងប្រទេសកើនដល់ ៦៥៨នាក់។ គិតមកទល់នឹងពេលនេះ រុស្ស៊ីមិនទាន់មានអ្នកស្លាប់ដោយជំងឺដ៏កាចសាហាវនេះទេ។ ប៉ុន្តែ ជា វិធានការទប់ស្កាត់ ទីក្រុងម៉ូស្គូ បានសម្រេចឲ្យបិទ ក្លឹបកម្សាន្តរាត្រី រោងកុន និងកន្លែងជួបជុំបែបកម្សាន្តមួយចំនួនទៀត នៅទូទាំងផ្ទៃប្រទេសជាបណ្តោះអាសន្ន៕