(វ៉ាស៊ីនតោន)៖ សេតវិមាន និងថ្នាក់ដឹកនាំព្រឹទ្ធសភាអាមេរិក នៅថ្ងៃពុធនេះ បានឈានដល់កិច្ចព្រមព្រៀងមួយ លើកញ្ចប់ថវិកាជំនួយដ៏ធំសម្បើម ដល់ទៅ ២ទ្រីលានដុល្លារ ដើម្បីប្រយុទ្ធប្រឆាំង ក៏ដូចជាជួសជុលការខូចខាតនានា ដែលបង្កឡើងដោយ COVID-19។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CGTN នៅថ្ងៃពុធ ទី២៥ ខែមីនា ឆ្នាំ២០២០។

ការប្រកាសពីកិច្ចព្រមព្រៀងខាងលើ ធ្វើឡើងបន្ទាប់ពីក្រុមមន្ត្រីសេតវិមាន បានបង្កើនកិច្ចចរចា ៤ថ្ងៃជាប់ៗគ្នា ចាប់តាំងពីប្រធានក្រុមសមាជិកព្រឹទ្ធសភាភាគច្រើន លោក Mitch McConnell ធ្វើបទបង្ហាញពីសំណើរបស់អ្នកសាធារណរដ្ឋ ពាក់ព័ន្ធនឹងកញ្ចប់ថវិកាជំនួយ ក៏ដូចជាវិធានការបន្ធូរបន្ថយការខូចខាតផ្នែកសេដ្ឋកិច្ច ខណៈសហរដ្ឋអាមេរិកកំពុងតស៊ូប្រយុទ្ធជាមួយ COVID-19។

កិច្ចព្រមព្រៀងខាងលើ នឹងត្រូវបញ្ជូនបន្តទៅកាន់ព្រឹទ្ធសភា និងសភាតំណាងរាស្ត្រ ដើម្បីធ្វើការអនុម័ត មុននឹងបញ្ជូនទៅឱ្យលោកប្រធានាធិបតី ដូណាល់ ត្រាំ ចុះហត្ថលេខា៕