(គួឡាឡាំពួរ)៖ រដ្ឋាភិបាលសហរដ្ឋអាមេរិក បានសម្រេចលុបចោលបំរាមលើក្រុមហ៊ុនផលិតស្រោមដៃពេទ្យរបស់ប្រទេសម៉ាឡេស៊ី ដែលខ្លួនធ្លាប់បានចោទប្រកាន់ ពីបទប្រើប្រាស់កម្លាំងពលកម្មដោយបង្ខំ ខណៈតម្រូវការបរិក្ខាពេទ្យផ្នែកការពារខ្លួនដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19 នៅក្នុងប្រទេសមហាអំណាចមួយនេះ កើនឡើងយ៉ាងគំហុក។ នេះបើយោងតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CNA នៅថ្ងៃពុធ ទី២៥ ខែមីនា ឆ្នាំ ២០២០។

ទីភ្នាក់ងារគយ និងការពារព្រំដែនសហរដ្ឋអាមេរិក (CBP) បានឲ្យដឹងនៅថ្ងៃអង្គារទី ២៤ ខែមីនាម្សិលមិញនេះថា ស្រោមដៃជ័រដែលត្រូវបានផលិតឡើងដោយ ក្រុមហ៊ុនម៉ាឡេស៊ីមួយ ហៅកាត់ថា WRP នឹងត្រូវអនុញ្ញាតឲ្យនាំចូលសហរដ្ឋអាមេរិកឡើងវិញ នៅតាមកំពង់ផែរបស់ខ្លួនទាំងអស់។ យោងតាម CBP ការសម្រេចចិត្តលុបចោលបំរាមពីក្រុមហ៊ុន WRP ដែលបានដាក់ទៅលើក្រុមហ៊ុននេះ កាលពីខែកញ្ញាកន្លងទៅ គឺបានផ្អែកលើព័ត៌មានដែលទទួលបានថ្មីៗដែល បង្ហាញថាក្រុមហ៊ុនម៉ាឡេស៊ីមួយនេះ លែងប្រើប្រាស់កម្លាំងពលកម្មដោយបង្ខំទៀតហើយ។

គួរជម្រាបថា ម៉ាឡេស៊ី ជាប្រទេសផលិតស្រោមដៃពេទ្យធំជាងគេបំផុតនៅលើពិភពលោក ខណៈសហរដ្ឋអាមេរិកវិញ គឺជាអ្នកប្រើប្រាស់ស្រោមដៃពេទ្យធំជាងគេ បំផុតនៅលើពិភពលោក ក្នុងមនុស្សម្នាក់។ តម្រូវការស្រោមដៃពេទ្យកើនឡើងយ៉ាងគំហុកនារយៈពេលចុងក្រោយនេះ ដោយសារតែការឆ្លងរីករាលដាល នៃជំងឺ COVID-19 ដែលបានឆ្លងទៅមនុស្សជា ៣៧៧,០០០ នាក់នៅទូទាំង ១៩៤ ប្រទេស និងដែនដី បើគិតត្រឹមថ្ងៃអង្គារម្សិលមិញនេះ៕