(តូក្យូ)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានគំាទ្រ១០០ភាគរយ ចំពោះការសម្រេចចិត្តលើកពេលព្រឹត្តិការណ៍ប្រកួតកីឡាអូឡាំពិកទីក្រុងតូក្យូ ដែល ត្រូវបានព្រមព្រៀងឡើងដោយរដ្ឋាភិបាលជប៉ុន និងគណៈកម្មាធិការអន្តរជាតិអូឡាំពិក។ នេះបើតាមអ្នកនាំពាក្យរដ្ឋាភិបាលជប៉ុន ដោយយោងតាមការស្រង់សម្ដីពី លោក នាយករដ្ឋមន្ត្រី អាបេ ស៊ីនហ្សូ ដកស្រង់ចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃពុធ ទី២៥ ខែមីនា ឆ្នាំ២០២០។

ថ្លែងប្រាប់អ្នកសារព័ត៌មាន នៅក្នុងសន្និសីទសារព័ត៌មានដ៏ខ្លីមួយ នៅថ្ងៃពុធនេះ លោក Akihiro Nishimura ជាអនុប្រធានខុទ្ទកាល័យនៃគណៈរដ្ឋមន្ត្រីជប៉ុន បានគូសបញ្ជាក់ដូច្នេះថា៖ «លោកប្រធានាធិបតី ដូណាល់ ត្រាំ បាននិយាយម្ដងហើយម្ដងទៀតថា ថាការលើកពេល គឺជារឿងល្អប្រសើរបំផុត និងជាការសម្រេចិត្ត ដ៏ត្រឹមត្រូវ...ដូច្នេះលោកគាំទ្រ១០០ភាគរយ ចំពោះការសម្រេចចិត្តរបស់លោក អាបេ»

កាលពីថ្ងៃអង្គារ ម្សិលមិញ ព្រឹត្តិការណ៍ប្រកួតកីឡាអូឡាំពិករដូវក្ដៅ ទីក្រុងតូក្យូ ដែលដំបូងឡើយគ្រោងនឹងប្រព្រឹត្តទៅថ្ងៃទី២៤ ខែកក្កដាខាងមុខនេះ ត្រូវបាន លើកពេលរហូតដល់ រដូវក្ដៅឆ្នាំ២០២១វិញ ដោយសារតែការឆ្លងរាតត្បាតនៃជំងឺ COVID-19៕