(ម៉ានីល)៖ ប្រធានាធិបតីហ្វីលីពីនលោក រ៉ូឌ្រីហ្គោ ឌូទើតេ (Rodrigo Duterte) បានចុះហត្ថលេខាលើច្បាប់ពិសេសមួយ ដែលនឹងផ្តល់សិទ្ធិអំណាចដល់រូបលោកនូវ «អំណាចបម្រុង» ដែលចាំបាច់អនុវត្តវិធានការជាបន្ទាន់ ដើម្បីដោះស្រាយបញ្ហារាតត្បាតនៃជំងឺ COVID-19។ នេះបើយោងតាមការដកស្រង់ការផ្សាយ ចេញពីទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នាព្រឹកថ្ងៃពុធ ទី២៥ ខែមីនា ឆ្នាំ២០២០។

អ្នកនាំពាក្យវិមានប្រធានាធិបតី លោក សាល់វ៉ាដឺ ផេនេឡូ (Salvador Panelo) បានឲ្យដឹងថា ច្បាប់នេះនឹងផ្តល់អំណាចដល់ប្រធានាធិបតី ដើម្បីអនុវត្តគោលនយោបាយជាតិ ប្រកបដោយប្រសិទ្ធភាព ក្នុងការបញ្ឈប់ការឆ្លងរីករាលដាលនៃជំងឺ COVID-19 ដែលអាចនឹងបង្កគ្រោះថ្នាក់ ដល់អាយុជីវិតប្រជាជនហ្វីលីពីនជាច្រើននាក់បន្ថែមទៀត។

ច្បាប់ខាងលើនេះក៏នឹងជួយពន្លឿននីតិវិធីនានា ដែលមានជាប់ពាក់ព័ន្ធនឹងបញ្ហាខាងលើ ដូចជាការទទួលស្គាល់ឧបករណ៍ធ្វើតេស្ត ជួយសម្រួលដល់ការធ្វើតេស្តរោគភ្លាមៗលើករណីដែលសង្ស័យ និងផ្តល់ប្រាក់ឧបត្ថមបន្ទាន់ដល់គ្រួសារដែលមានប្រាក់ចំណូលទាប ចំនួនប្រមាណ ១៨លាននាក់នៅក្នុងប្រទេសជាដើម។

ច្បាប់ពិសេសនេះផងដែរ ក៏បានផ្តល់សិទ្ធិដល់លោកប្រធានាធិបតី អាចយកមន្ទីរពេទ្យឯកជន មណ្ឌលសុខភាព រួមទាំងនាវាដឹកអ្នកដំណើរ និងគ្រឹះស្ថានផ្សេងៗទៀត មកប្រើប្រាស់បាននៅពេលណាចាំបាច់ សម្រាប់ប្រយោជន៍សាធារណៈទៀតផង។ ទន្ទឹមនឹងនោះ ច្បាប់នេះក៏បានប្រគល់ភារកិច្ចដល់ប្រធានាធិបតី ដើម្បីធានាឲ្យបាននូវការផ្គត់ផ្គង់គ្រាប់គ្រាន់សម្រាប់ទំនិញចាំបាច់ក្នុងទីផ្សារ ជាពិសេសម្ហូបអាហារ និងថ្នាំពេទ្យជាដើម។

គួរជម្រាបថា រហូតមកទល់នឹងពេលនេះ ប្រទេសអាស៊ីអាគ្នេយ៍មួយនេះបានកត់ត្រាអ្នកឆ្លងជំងឺ COVID-19 ចំនួន៥៥២ករណីហើយនៅទូទាំងប្រទេស ក្នុងនោះ៣៥នាក់ស្លាប់ ហើយ២០នាក់បានជាសះស្បើយឡើងវិញ៕