(សិង្ហបុរី)៖ ពលរដ្ឋសិង្ហបុរីទាំងអស់ ដែលត្រឡប់មកពីចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិកវិញ នឹងត្រូវបានអាជ្ញាធរជូនដំណើរភ្លាមៗ ចេញពីអាកាសយានដ្ឋាន ទៅកាន់សណ្ឋាគារ ដើម្បីអនុវត្តវិធានការស្នាក់នៅដាច់ដោយឡែកពីគេ រយៈពេល១៤ថ្ងៃ ដើម្បីទប់ស្កាត់ការរីករាលដាល COVID-19។ នេះបើតាមការចេញ ផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃអង្គារ ទី២៤ ខែមីនា ឆ្នាំ២០២០។

លោក Lawrence Wong ជារដ្ឋមន្ត្រីអភិវឌ្ឍជាតិសង្ហបុរី បានបញ្ជាក់នៅក្នុងសេចក្ដីជូនដំណឹង ចេញផ្សាយនៅថ្ងៃអង្គារនេះថា អ្នកដែលត្រឡប់មកពីប្រទេសទាំងពីរ ខាងលើ ភាគច្រើនបានឆ្លង COVID-19 ដោយធ្វើឱ្យករណីឆ្លងនាំចូលពីបរទេស កើនឡើងយ៉ាងគំហុគ។ លោកបន្ថែមថា ការនាំពួកគេទៅដាក់នៅសណ្ឋាគារ រយៈពេល១៤ថ្ងៃ គឺជាវិធានការមួយដែលអាចនឹងជួយទប់ស្កាត់ការឆ្លងជំងឺនេះ ដល់ក្រុមគ្រួសាររបស់ពួកគេ បើទោះជាអ្នកទាំងនេះមិនទាន់បានចម្លង COVID-19 ដល់សមាជិកគ្រួសារក៏ដោយ។

ការប្រកាសចាត់វិធានការខាងលើ ធ្វើឡើងបន្ទាប់ពីសិង្ហបុរី បានប្រកាសថា ចំនួនអ្នកឆ្លង COVID-19 នៅទូទាំងប្រទេស បានកើនដល់៥៥៨នាក់ហើយ បន្ទាប់ពី ករណីឆ្លងថ្មីចំនួន ៤៩ ត្រូវបានរាយការណ៍។ ក្នុងចំណោមករណីឆ្លងថ្មីទាំង៤៩ ខាងលើមាន ៣២ករណី ត្រូវបាននាំចូលមកពីបរទេស ជាពិសេសរកឃើញនៅលើ អ្នកដែលធ្លាប់ធ្វើដំណើរទៅកាន់ចក្រភពអង់គ្លេស សហរដ្ឋអាមេរិក ម៉ាឡេស៊ី បារាំង និងអូស្ត្រាលីជាដើម។

គិតមកទល់នឹងថ្ងៃអង្គារនេះ អ្នកជំងឺ១៥៦នាក់ បានជាសះស្បើយ និងពីរនាក់បានស្លាប់៕