(ជប៉ុន)៖ ទីបំផុតនាយករដ្ឋមន្រ្តីជប៉ុន ប្រកាសផ្អាក ព្រឹត្តិការណ៍ប្រកួតកីឡាអូឡាំពិក ២០២០ នៅជប៉ុន ដោយសារបញ្ហា Covid-19 នេះបើយោងតាមសារព័ត៌មានជប៉ុន និងអន្តរជាតិធំៗ ចេញផ្សាយមុននេះបន្តិចនាយប់ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០។

លោកនាយករដ្ឋមន្រ្តី អាបេ បានបញ្ជាក់ថា ការសម្រេចចិត្តខាងលើ ធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាលជប៉ុន និងគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) បានឈានដល់ កិច្ចព្រមព្រៀងផ្អាកព្រឹត្តិការណ៍អន្តរជាតិមួយនេះ កំឡុងកិច្ចសន្ទនាតាមទូរស័ព្ទរវាងលោក និងប្រធាន IOC។ បន្ថែមពីលើនេះ ក្រុមមន្ត្រីជប៉ុនក៏បានអះអាង ដែរថា ព្រឹត្តិការណ៍ប្រកួតកីឡាអូឡាំពិករដូវក្ដៅ ដែលគ្រោងនឹងធ្វើឡើងនៅចុងខែកក្កដា ឆ្នាំ២០២០ ក្នុងទីក្រុងតូក្យូ មិនមែនត្រូវលុបចោលនោះទេ ដោយគ្រាន់តែ ត្រូវពន្យារពេលរហូតដល់រដូវក្ដៅឆ្នាំ២០២១តែប៉ុណ្ណោះ។

ការប្រកួតកីឡាអូឡាំពិក និងបារ៉ាអូឡាំពិក គឺជាព្រឹត្តិការណ៍ដ៏ធំ ដែលលោក អាបេ ធ្លាប់បានបញ្ជាក់ជាច្រើនលើកថា មិនទាន់ដល់ពេលផ្អាកនោះទេ។ ប៉ុន្តែ ប៉ុន្មានថ្ងៃចុងក្រោយនេះ រដ្ឋាភិបាលទីក្រុងតូក្យូ បានទទួលរងសម្ពាធយ៉ាងខ្លាំងពីសំណាក់បណ្ដាប្រទេសមួយចំនួន ដូចជាអូស្រា្ដលីជាដើម ដែលប្រកាសថា នឹងមិនបញ្ជូនអត្តពលិករបស់ខ្លួនឱ្យមកចូលរួមនោះទេ។

គួរជម្រាបថា មុនការប្រកាសពីការលើកពេល ព្រឹត្តិការណ៍ប្រកួតកីឡាអូឡាំពិក គ្រោងនឹងធ្វើឡើងចាប់ពីថ្ងៃទី២៤ ខែកក្កដា ដល់ថ្ងៃទី៩ ខែសីហា ហើយព្រឹត្តិការណ៍ប្រកួតកីឡាប៉ារ៉ាអូឡាំនពិក ត្រូវប្រព្រឹត្តិទៅពីថ្ងៃទី២៥ ខែសីហា ដល់ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២០នេះ៕