(ប៉េកាំង)៖ នៅក្នុងសន្និសីទកាសែតមួយនៅថ្ងៃអង្គារនេះ អ្នកនាំពាក្យគណៈកម្មការសុខាភិបាលចិនលោក មី ហ្វេង (Mi Feng) បានគូសបញ្ជាក់ថា ប្រទេសចិននៅមិនទាន់បន្ធូរបន្ថយ ការប្រុងប្រយ័ត្នរបស់ខ្លួនលើការងារបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺ COVID-19 នៅឡើយទេ។ នេះបើយោងតាមការដកស្រង់ការផ្សាយ ចេញពីទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ នាល្ងាចថ្ងៃអង្គារ ទី២៤ ខែមីនា ឆ្នាំ២០២០។

ដោយលើកឡើងពីចំនួនសរុបនៃករណីអ្នកឆ្លងនៅទូទាំងសកលលោក បានកើនលើសពី ៣០ម៉ឺននាក់ លោក មី ហ្វេង បានសង្កត់ធ្ងន់ថា ហានិភ័យនៃការឆ្លងរាតត្បាតករណីថ្មីៗ និងករណីនាំចូលពីខាងក្រៅ នៅតែជាបញ្ហាចោទនៅប្រទេសចិន។ លោក មី បានបន្ថែមទៀតថា ចំនួនករណីឆ្លងថ្មីៗទាំង ៧៨ ដែលបានរាយការណ៍កាលពីថ្ងៃចន្ទម្សិលមិញនេះ នៅទូទាំងប្រទេសចិន មាន ៧៤ករណីទៅហើយ ដែលសុទ្ធតែជាករណីនាំចូលពីក្រៅប្រទេស។

គួរជម្រាបថា ប្រទេសចិនដែលកន្លងមកជាចំណុចណ្តាល នៃការផ្ទុះរីករាលដាលរបស់ជំងឺ COVID-19 នារយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ បានស្គាល់នូវភាពធូរស្បើយយ៉ាងខ្លាំង។ ពោលគឺមានករណីឆ្លងថ្មីៗទាបបំផុត ហើយករណីឆ្លងថ្មីទាំងនោះទៀតសោត ស្ទើរតែជាករណីនាំចូលពីប្រទេសក្រៅទាំងស្រុង។