(វូហាន)៖ អាជ្ញាធរខេត្តហ៊ូប៉ី (Hubei) នាថ្ងៃអង្គារនេះបានឲ្យដឹងថា ប្រមាណ ៨៥ភាគរយនៃសហគ្រាសឧស្សាហកម្មទាំងអស់ នៅក្នុងខេត្តភាគកណ្តាលចិនមួយនេះ បានចាប់ផ្តើមធ្វើប្រតិបត្តិការធម្មតាឡើងវិញហើយ គិតត្រឹមថ្ងៃចន្ទដើមសប្តាហ៍នេះ បន្ទាប់ពីរងការប៉ះពាល់ដោយសារ COVID-19 អស់ប៉ុន្មានខែមកនេះ។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីទីភ្នាក់ងារព័ត៌មានស៊ីនហួរ នៅរសៀលថ្ងៃអង្គារ ទី២៤ ខែមីនា ឆ្នាំ២០២០។

យោងតាមអាជ្ញាធរ Hubei គិតនៅត្រឹមថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០ សហគ្រាសឧស្សាហកម្មចំនួន ១៣,១៥៥កន្លែងនៅក្នុងខេត្តនេះ បានបន្តប្រតិបត្តិការរបស់ពួកគេជាធម្មតាឡើងវិញ ដោយបុគ្គលិកសរុបប្រមាណជា ១.៧១លាននាក់ បានត្រឡប់ទៅចូលបំពេញការងារ ទៅតាមតួនាទីរៀងៗខ្លួនផងដែរ។

គួរជម្រាបថា នៅថ្ងៃពុធនេះការដាក់បំរាមធ្វើដំណើរនៅក្នុងខេត្ត Hubei ក៏នឹងត្រូវដកចេញវិញផងដែរ បន្ទាប់ពីត្រូវបានដាក់កាលពី ០២ខែមុន ដើម្បីទប់ស្កាត់ការរាតត្បាតនៃ COVID-19។ ប៉ុន្តែបម្រាមលើទីក្រុង Wuhan ដែលជាចំណុចផ្ទុះដំបូងតែម្តងនោះនឹងមិនទាន់ដកចេញទេ រហូតទាល់តែដល់ថ្ងៃទី០៨ ខែមេសា។ បច្ចុប្បន្នចំនួនករណីឆ្លងនៃ COVID-19 ដែលចិនបានរកឃើញ ភាគច្រើនជាករណីនាំចូលពីខាងក្រៅ ដោយការឆ្លងក្នុងប្រទេសមានតិចតួចបំផុត និងថ្ងៃខ្លះគឺគ្មានតែម្តង៕