(រ៉ូម)៖ ប្រទេសអ៉ីតាលីទើបតែបានប្រកាស ពីចំនួនមនុស្សស្លាប់បន្ថែមទៀត នៅថ្ងៃចន្ទសប្តាហ៍ថ្មីនេះចំនួន ៦០២នាក់ ដែលធ្វើឲ្យចំនួនមនុស្សស្លាប់សរុប នៅក្នុងរយៈពេលមួយខែមកនេះកើនឡើងរហូតដល់ជាង ៦,០០០នាក់ ប៉ុន្តែធៀបនឹងតួលេខកាលពីសៅរ៍សប្តាហ៍មុន ដែលមានមនុស្សស្លាប់រហូតដល់ ៧៩៣នាក់ និងថ្ងៃអាទិត្យ ៦៥១នាក់ វាគឺជាអត្រាធ្លាក់ចុះវិញនៃចំនួនមនុស្សស្លាប់ ០២ថ្ងៃជាប់ៗគ្នាមកហើយ។ នេះបើតាមការចេញផ្សាយដោយ CNA នារសៀលថ្ងៃអង្គារ ទី២៤ ខែមីនា ឆ្នាំ២០២០។

មិនត្រឹមតែចំនួនមនុស្សស្លាប់នោះទេ គឺចំនួនអ្នកឆ្លងថ្មីៗនៃ COVID-19 វិញក៏មានអត្រាធ្លាក់ចុះផងដែរ គឺពីចំនួន ៦,៥៥៧ករណីនៅថ្ងៃសៅរ៍សប្តាហ៍មុន មកនៅត្រឹម ៤,៧៨៩ករណីនៅថ្ងៃចន្ទសប្តាហ៍ថ្មីនេះ។ ជុំវិញពន្លឺនៃភាពវិជ្ជមានដ៏តូចមួយនេះ មន្ត្រីជំនាញវេជ្ជសាស្ត្រប្រចាំទីក្រុងមីឡេន (Milan) របស់អ៉ីតាលីលោក ហ្គីលីយ៉ូ ហ្គាល់ឡឺរ៉ា (Giulio Gallera) បានលើកឡើងថា «យើងមិនទាន់អាចប្រកាស ជោគជ័យបានទេនាពេលនេះ... ប៉ុន្តែវាមានពន្លឺមួយហើយ នៅខាងចុងនៃផ្លូវរូងដ៏ងងឹត...»

ទោះជាយ៉ាងណា ប្រធានវិទ្យាស្ថានសុខាភិបាលជាតិអ៉ីតាលី (ISS) លោក ស៊ីលវីយ៉ូ ប្រ៊ូសាហ្វែរ៉ូ (Silvio Brusaferro) បានលើកឡើងយ៉ាងដូច្នេះវិញថា «ទាំងនេះគឺជាចំនួនវិជ្ជមានក៏ពិតមែន ប៉ុន្តែខ្ញុំមិនមានភាពក្លាហាន ក្នុងការបញ្ជាក់យ៉ាងមុតមាំថា វាកំពុងមាននិន្នាការធ្លាក់ចុះ (ចំនួនអ្នកឆ្លង និងស្លាប់បន្ថែមទៀតដោយសារជំងឺ COVID-19) នៅឡើយទេ»

គួរបញ្ជាក់ថា កាលពីថ្ងៃចន្ទសប្តាហ៍នេះថា ប្រទេសអាល្លឺម៉ង់បានសម្រេច យល់ព្រមតាមសំណើររបស់អ៉ីតាលី ដើម្បីទទួលយកអ្នកជំងឺ COVID-19 ពីអ៉ីតាលីមួយចំនួនទៅព្យាបាលផងដែរ ខណៈអ៉ីតាលីកំពុងតែខ្វះខាតមន្ទីរពេទ្យ និងគ្រឿងបរិក្ខាពេទ្យជាទម្ងន់។ គិតត្រឹមល្ងាចថ្ងៃចន្ទ មនុស្សសរុប ៦,០៧៨នាក់ស្លាប់ ក្នុងចំណោមអ្នកឆ្លងសរុប ៦៣,៩២៨នាក់នៅទូទាំងប្រទេសអ៉ីតាលី៕