(វៀងច័ន្ទ)៖ ក្រសួងសុខាភិបាលឡាវនាថ្ងៃអង្គារនេះ បានប្រកាសពីការរកឃើញ០២ករណីដំបូងនៃអ្នកឆ្លង COVID-19 បន្ទាប់ពីប៉ុន្មានខែមក ហើយចាប់តាំងពីជំងឺនេះបានផ្ទុះឡើង គឺឡាវមិនទាន់មានអ្នកឆ្លងទាល់តែសោះ។ នេះបើតាមការដកស្រង់ការផ្សាយពីទីភ្នាក់ងារព័ត៌មាន ស៊ីនហួរ នៅថ្ងៃអង្គារ ទី២៤ ខែមីនា ឆ្នាំ២០២០។

កាលពីថ្ងៃចន្ទម្សិលមីញ មីយ៉ាន់ម៉ាដែលកន្លងមកមិនមានអ្នកឆ្លងដូចឡាវដែរនោះ ទីបំផុតក៏បានរកឃើញអ្នកឆ្លង COVID-19 ០២នាក់ ដំបូងផងដែរ គឺប្រជាជនមីយ៉ាន់ម៉ាផ្ទាល់ ដែលទើបធ្វើដំណើរត្រឡប់មកពីសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសវិញ។ បើតាមមន្រ្តីសុខាភិបាលឡាវ សម្រាប់អ្នកឆ្លង០២នាក់ដំបូងនៅ ប្រទេសឡាវ គឺពួកគេជាជនជាតិឡាវផ្ទាល់ ដែលទំនងជាឆ្លងមកពីក្រៅប្រទេស។

ក្នុងចំណោមអ្នកទាំង០២ មានម្នាក់ជាស្រ្តីអ្នកនាំភ្ញៀវទេសចរណ៍ដើរកម្សាន្ត ដែលធ្វើដំណើរទៅកាន់ក្រុង Vangvieng និងទីក្រុង Luang Prabang នៃប្រទេសឡាវ ប៉ុន្តែក៏បានចូលទៅកាន់កម្ពុជាផងដែរ មុនពេលចេញរោគសញ្ញាសង្ស័យ។ រីឯម្នាក់ទៀតវិញជា បុរសបុគ្គលិកសណ្ឋាគារមួយកន្លែង ដែលទំនងជាបានឆ្លងនៅប្រទេសថៃ កំឡុងពេលដែលគាត់ទទួលវគ្គបណ្តុះបណ្តាលនៅទីនោះ។

គួរជម្រាបថា យ៉ាងណាមិញ ប្រការនេះធ្វើឲ្យ ប្រទេសទាំង១០ដែលជាសមាជិកអាស៊ានសុទ្ធតែ មានករណីឆ្លង COVID-19 ខណៈសមាជិកដែលកំពុងរងគ្រោះធ្ងន់ជាងគេ រួមមាន ម៉ាឡេស៊ី ថៃ ឥណ្ឌូណេស៊ី និងហ្វីលីពីន៕