(ប្រេស៊ីល)៖ អាជ្ញាធរសុខាភិបាលប្រេស៊ីល បានរាយការណ៍ឲ្យដឹងថា ប្រទេសប្រេស៊ីលបានរកឃើញអ្នកឆ្លងជំងឺ COVID-19 ចំនួន១,៨៩១ ករណីហើយ ក្នុងនោះ៣៤នាក់ស្លាប់បាត់បង់ជីវិត និង០២នាក់ជាសះស្បើយ។ នេះបើយោងតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារសារព័ត៌មាន ស៊ីនហួរ នាថ្ងៃអង្គារ ទី ២៤ ខែមីនា ឆ្នាំ ២០២០។

បច្ចុប្បន្នរដ្ឋទាំង២៧របស់ប្រេស៊ីលសុទ្ធតែបានរាយការណ៍ពីករណីឆ្លង ប៉ុន្តែករណីភាគច្រើនគឺស្ថិតនៅបែកអាគ្នេយ៍នៃប្រទេស ជាទីដែលមានប្រជាជនរស់នៅច្រើនបំផុតនៃប្រទេសនេះ។ តួយ៉ាងដូចជារដ្ឋសៅប៉ូឡូ (Sao Paulo) តែឯង ដែលជារដ្ឋរងគ្រោះធ្ងន់ធ្ងរជាងគេ មានអ្នកឆ្លងរហូតដល់៧៤៥ ករណី បន្ទាប់មកគឺរដ្ឋ រីយ៉ូ ដឺ ហ្សាណេរ៉ូ(Rio de Janeiro) មាន២៣៣ករណី។

រដ្ឋមន្រ្តីក្រសួងសុខាភិបាលលោកល្វីស ហិនរិក ម៉ែនដិតតា (Luiz Henrique Mandetta) បានអះអាងថា ចំនួនករណីឆ្លងនៅក្នុងប្រទេសអាមេរិកខាងត្បូងមួយនេះ នឹងស្ទុះឡើងខ្លាំងបំផុតនៅសប្តាហ៍ក្រោយ ហើយនៅចុងខែមេសាខាងមុខ ប្រព័ន្ធថែទាំសុខភាពសាធារណៈអាចប្រឈមនឹងការដួលរលំ។ ជាមួយគ្នានេះ លោកក៏បានទទូចឲ្យប្រជាពលរដ្ឋប្រស៊ីលទាំងអស់ ចេះការពារខ្លួន ដោយមិនត្រូវចេញក្រៅផ្តេសផ្តាស់ ប្រសិនណាមិនចាំបាច់បំផុតទេនោះ ដើម្បីកាត់បន្ថយហានិភ័យ នៃការឆ្លងរីករាលដាលពីមនុស្សម្នាក់ ទៅមុស្សម្នាក់ទៀត៕