(សេអ៊ូល)៖ អាជ្ញាធរសុខាភិបាលកូរ៉េខាងត្បូង បានប្រកាសពីការរកឃើញករណីឆ្លងថ្មីៗនៃជំងឺ COVID-19 ចំនួន ៧៦ករណីបន្ថែមទៀត នៅព្រឹកថ្ងៃអង្គារនេះ ដោយបានរក្សានូវនិន្នាការធ្លាក់ចុះ នៃករណីឆ្លងថ្មីៗចំនួន ១៣ ថ្ងៃជាប់ៗគ្នាមកហើយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាព្រឹកថ្ងៃអង្អារ ទី២៤ ខែមីនា ឆ្នាំ ២០២០។

យោងតាមមជ្ឈមណ្ឌលកូរ៉េសម្រាប់ការគ្រប់គ្រង និងបង្ការជំងឺ ដែលហៅកាត់ថា KCDC បានឲ្យដឹងថា បើបូករួមទាំងករណីឆ្លងថ្មីៗខាងលើ បាននាំឲ្យចំនួនអ្នកឆ្លងសរុប នៅប្រទេសអាស៊ីខាងកើតមួយនេះកើនដល់ ៩,០៣៧ករណីហើយនៅទូទាំងប្រទេស ក្នុងនោះអ្នកជំងឺ ១២០នាក់បានបាត់បង់ជីវិត និង ៣,៥០៧នាក់ហើយជាសះស្បើយទាំងស្រុង។

ទោះជាយ៉ាងណា កូរ៉េខាងត្បូងដែលត្រូវបានគេចាត់ទុកថា ជាប្រទេសដែលបានរងគ្រោះធ្ងន់ធ្ងរជាងគេបំផុតនៅអាស៊ីដោយសារជំងឺ COVID-19 បន្ទាប់ពីចិន នារយៈពេល ១៣ ថ្ងៃចុងក្រោយនេះ បានស្គាល់ភាពធូរស្រាលឡើងវិញបណ្តើរៗហើយ។ ពោលតួលេខអ្នកឆ្លងថ្មីៗ គឺស្ថិតនៅក្រោមខ្ទង់ ១០០ករណីជានិច្ច ដែលធ្វើឲ្យគ្រប់គ្នាមើលឃើញថា ប្រទេសដែលមានសេដ្ឋកិច្ចលំដាប់ទី ៤ នៅអាស៊ីមួយនេះ បានឆ្លងផុតចំណុចកំពូល នៃការឆ្លងរីករាលដាលជំងឺ COVID-19 រួចស្រេចហើយ៕