(រ៉ូម)៖ អ៉ីតាលទើបបានបន្តប្រកាសថា មនុស្សស្លាប់ដោយសារតែ COVID-19 នៅរយៈពេលពេញមួយថ្ងៃច័ន្ទនេះ មានចំនួន ៦០២នាក់បន្ថែមទៀត ដែលប្រការបាននាំឲ្យចំនួនមនុស្សស្លាប់សរុបនៅក្នុងប្រទេសអឺរ៉ុបមួយនេះ កើនឡើងដល់ ៦០៧៨នាក់។ នេះបើតាមការចេញផ្សាយអន្តរជាតិធំៗ ចេញនៅយប់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០។

ក្រៅពីការកើនឡើងនៃចំនួនមនុស្សស្លាប់, ចំពោះករណីឆ្លងសរុបនៃ COVID-19 ក៏បានកើនឡើងពី ៥៩,១៣៨នាក់ ទៅដល់ ៦៣,៩២៨នាក់ នៅទូទាំងប្រទេស។

គិតត្រឹមល្ងាចថ្ងៃចន្ទ ទី២៣ ខែមីនា ឆ្នាំ២០២០នេះ COVID-19 ដែលត្រូវបានអង្គការសុខភាពពិភពលោក WHO ប្រកាសចាត់ទុកជា «ជំងឺរាតត្បាតជាសកល» បានវាយលុកចូលដល់ប្រទេស និងដែនដីសរុបចំនួន ១៨៦ ហើយនៅទូទាំងសកលលោក ពោលវាបានសាយភាយពាសពេញ ទ្វីបទាំងអស់លើភពផែនដី លើកលែងតែទ្វីបទឹកកកអង់តាក់ទិកមួយប៉ុណ្ណោះ។ ជំងឺរាតត្បាតដ៏កាចសាហាវមួយនេះ វាបានចម្លងទៅមនុស្សសរុបចំនួន ៣៤៣,៣៩៤ ករណី ដែលក្នុងនោះ ១៤,៧៧០ នាក់ស្លាប់ និង ៩៩,០៤៦នាក់ ជាសះស្បើយនៅទូទាំងសកលលោក៕