(សិង្ហបុរី)៖ ចាប់ពីថ្ងៃសុក្រសប្តាហ៍នេះ អ្នកដំណើរទាំងអស់ ដែលអនុញ្ញាតឲ្យចូលប្រទេសសិង្ហបុរី គឺរួមមានទាំងពលរដ្ឋសិង្ហបុរី ដែល រស់នៅទីនោះ និងអ្នកកាន់ប័ណ្ណស្នាក់នៅរយៈពេលវែង គឺត្រូវតែបំពេញទម្រង់បែបបទ ប្រកាសពីស្ថានភាពសុខភាពរបស់ ពួកគេជាមុន តាមប្រព័ន្ធអនឡាញ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CNA នៅថ្ងៃចន្ទ ទី២៣ ខែមីនា ឆ្នាំ២០២០។

អាជ្ញាធរអន្តោប្រវេសន៍សិង្ហបុរីបានបញ្ជាក់ថា វិធានការរឹតបន្តឹងថ្មីនេះ គឺជាវិធានការទប់ស្កាត់មួយកម្រិតថែមទៀត ដើម្បីកាត់បន្ថយ ហានិភ័យនៃការនាំជំងឺ COVID-19 ចូលមកកាន់ប្រទេសសិង្ហបុរី ដែលមួយរយៈចុងក្រោយនេះ គឺមានការកើនឡើងជាបន្តបន្ទាប់។ ការប្រកាសស្ថានភាពសុខភាពនេះ តម្រូវឲ្យអ្នកដែលចង់ចូលសិង្ហបុរី ត្រូវផ្តល់ព័ត៌មានពីសុខភាព ព័ត៌មាននៃប្រវត្តិធ្វើដំណើរ និង ព័ត៌មានផ្ទាល់ខ្លួន ព្រមទាំងមធ្យោបាយទាក់ទង ហើយពួកគេអាចបំពេញទម្រង់បែបបទនេះបានរហូតដល់៣ថ្ងៃ មុនការធ្វើដំណើរ មកដល់សិង្ហបុរី។

ដោយឡែកកាលពីថ្ងៃអាទិត្យម្សិលមិញ ក្រសួងសុខាភិបាលសិង្ហបុរីបានប្រកាសថា នឹងសិង្ហបុរីនឹងលែងអនុញ្ញាតឲ្យអ្នកដំណើរ ដែល មកស្នាក់នៅរយៈពេលខ្លី ចូល ឬក៏មានការឆ្លងកាត់ទៀតឡើយ៕