(ហុងកុង)៖ អភិបាលទីក្រុងហុងកុង លោកស្រី Carrie Lam បានប្រកាសថា ហុងកុងនឹងដាក់បម្រាមមិនឲ្យជនបរទេស ដែលមិនមែនជាអ្នក រស់នៅក្នុងទីក្រុងនេះចូលមកតទៀតឡើយ សម្រាប់រយៈពេល១៤ថ្ងៃ ក្រោយករណីឆ្លងដែលមានប្រភពមកពីខាងក្រៅ មានការកើនឡើង គួរឲ្យកត់សម្គាល់ក្នុងមួយរយៈពេលចុងក្រោយនេះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី សារព័ត៌មាន Bloomberg នៅថ្ងៃចន្ទ ទី២៣ ខែមីនា ឆ្នាំ២០២០។

វិធានការខាងលើនឹងត្រូវចាប់ផ្តើមអនុវត្តពីថ្ងៃពុធសប្តាហ៍នេះទៅ។ លោក Lam បានប្រកាសពីវិធានការនេះ ក្នុងសន្និសីទសារព័ត៌មានមួយ ដែលរៀបចំឡើងនៅរសៀលថ្ងៃចន្ទនេះ។ មិនតែប៉ុណ្ណោះ បើតាមលោកស្រីអភិបាលក្រុង ហុងកុងក៏នឹងផ្អាកសេវាកម្ម Transit (ឆ្លងកាត់) ទាំងអស់នៅអាកាសយានដ្ឋានរបស់ខ្លួនផងដែរ ហើយនឹងដាក់ពិន័យកាន់តែធ្ងន់លើអ្នកដែលបំពានចំណាត់ការឲ្យនៅដាច់ដោយឡែក។

គួរជម្រាបថា មួយរយៈចុងក្រោយនេះ ទីក្រុងហុងកុងបានរកឃើញករណីឆ្លង COVID-19 ជាបន្តបន្ទាប់ លើអ្នកដំណើរដែលមកពីខាងក្រៅ ខណៈពីដំបូងឡើយមុនពេល COVID-19 បានឆ្លងរាលដាលខ្លាំងទៅដល់សហរដ្ឋអាមេរិក និងទ្វីបអឺរ៉ុប ទីក្រុងចិនមួយនេះ អាចគ្រប់គ្រងការ ស្ថានការណ៍បានទៅហើយ៕