(រ៉ូម)៖ មនុស្សកាន់តែច្រើនឡើងកំពុងចោទសួរសំនួរថា តើហេតុអ្វីបានជាអ៉ីតាលី ក្លាយជាប្រទេសរងគ្រោះធ្ងន់ធ្ងរជាងគេ ដោយសារជំងឺរាតត្បាតសកល COVID-19? ជាក់ស្ដែងក្នុងរយៈពេលត្រឹមតែ ២៤ម៉ោងគិតត្រឹមពេញមួយថ្ងៃអាទិត្យ ទី២២ ខែមីនា ឆ្នាំ២០២០ សប្តាហ៍មុននេះ មនុស្សស្លាប់មានរហូតដល់ទៅ ៦៥១នាក់ ធ្វើឱ្យចំនួនមនុស្សស្លាប់សរុប នៅក្នុងប្រទេសអឺរ៉ុបមួយនេះកើនដល់ជិត ៥,៥០០នាក់ ក្នុងចំណោមករណីឆ្លង COVID-19 សរុប ៥៩,១៣៨ករណីផងដែរ។ ចំនួននេះធ្វើឱ្យអ៉ីតាលីមានអ្នកស្លាប់ដោយសារ COVID-19 ច្រើនជាងចិនទៅទៀត។

យ៉ាងណាមិញ ក្រុមអ្នកជំនាញមួយចំនួន បានព្យាយាមបកស្រាយពីមូលហេតុទាំងនោះ ក្នុងនោះរួមមានចាប់ពីកត្តាអាយុ រហូតដល់បញ្ហាប្រព័ន្ធសុខាភិបាល ហើយកត្តាទាំងនេះអាចនឹងផ្ដល់មេរៀនដល់បណ្ដាប្រទេសដទៃ ក្នុងការចាត់វិធានការបង្ការកុំឱ្យជួបទុក្ខធ្ងន់ដូចជាអ៉ីតាលី។ កត្តាសំខាន់ៗមានដូចខាងក្រោម៖

* កតា្ដអាយុ

មូលហេតុចម្បងមួយ ដែលធ្វើឱ្យអ៉ីតាលីរងគ្រោះធ្ងន់ធ្ងរជាងគេដោយសារ COVID-19 គឺកត្ដាអាយុ។ អាយុមជ្ឈិមវ័យ ឬវ័យកណ្ដាលនៃប្រជាជនអ៉ីតាលីទាំង ៦០លាននាក់ គឺ ៤៥.៤% កាលពីឆ្នាំ២០១៩ ដែលនេះមានចំនួនច្រើនបំផុត ជាងបណ្ដាប្រទេសដទៃនៅអឺរ៉ុប។ មិនតែប៉ុណ្ណោះ អាត្រានេះគឺច្រើនជាងឆ្ងាយពីអត្រាមនុស្ស ដែលមានវ័យកណ្ដាលនៅក្នុងប្រទេសចិន និងខ្ពស់ជាងបន្តិចបើធៀបទៅនឹងប្រជាជន នៅក្នុងប្រទេសកូរ៉េខាងត្បូង។
បើតាមទិន្នន័យថ្មីមួយចេញផ្សាយកាលពីថ្ងៃសុក្រ អាយុនៃប្រជាជនអ៉ីតាលី ដែលស្លាប់ដោយសារ COVID-19 មានអត្រាជាមធ្យម ៧៨.៥ឆ្នាំ ហើយស្ទើរតែ ៩៩ភាគរយនៃអ្នកទាំងនេះ គឺជាអ្នកមានជំងឺប្រចាំកាយ និងមានសុខភាពទន់ខ្សោយស្រាប់។ ចំណែកឯ អត្រាមរណប្រមាណ នៅក្នុងចំណោមអ្នកឆ្លងវីរុសកូរ៉ូណាថ្មីវិញ គឺមានរហូតដល់ទៅ ៨.៦ភាគរយឯណោះ។

ជុំវិញកត្តាអាយុនេះដែរ សាស្ត្រាចារ្យមកពីសាកលវិទ្យាល័យអុកហ្វដ (University of Oxford) អ្នកស្រី ជែននីហ្វឺ ដូវ (Jennifer Dowd) បានគូសបញ្ជាក់ថា «មនុស្សមានវ័យចំណាស់ អាចស្ថិតនៅក្នុងអាត្រាខ្ពស់ជាងគេ ដែលនឹងអាចស្លាប់ក្នុងករណីឆ្លង COVID-19... ដូច្នេះបណ្ដាប្រទេស ដែលមានប្រជាជនចាស់ភាគច្រើន គួរតែចាត់វិធានការបង្ការឱ្យបានខ្លាំងក្លាបំផុត»

យ៉ាងណាមិញ បើតាមក្រុមអ្នកជំនាញមួយចំនួន ជប៉ុនគឺជាប្រទេសមានប្រជាជនវ័យកណ្ដាលក្នុងអត្រា ៤៧.៣ខ្ពស់ជាងអ៉ីតាលីទៅទៀត។ ប៉ុន្តែជប៉ុនមានមនុស្សចាស់ស្លាប់ដោយសារ COVID-19 តែ ៣៥នាក់ប៉ុណ្ណោះ។ ដូច្នេះអាយុមិនមែនជាកត្តាតែមួយគត់នោះទេ។

* បញ្ហាប្រព័ន្ធសុខាភិបាល

ការឆ្លងនៅក្នុងតំបន់ភាគខាងជើង នៃប្រទេសអ៉ីតាលីបានកើនឡើងយ៉ាងគំហុក ក្រោយបុរសវ័យ ៧៨ឆ្នាំម្នាក់បានបាត់បង់ជីវិតដំបូងគេ ដោយសារ COVID-19 ក្នុងតំបន់ ឡុំបាឌី (Lombardy)។ ប្រឈមមុខនឹងស្ថានភាពអ្នកជំងឺដ៏ច្រើនលើសលប់ និងការខ្វះខាតបរិក្ខាពេទ្យដូចជា គ្រែ និងម៉ាសជាដើម ក្រុមគ្រូពេទ្យអ៉ីតាលីបានចាប់ផ្ដើមសម្រេចចិត្ត ធ្វើការជ្រើសរើសថា តើពួកគេគួរតែព្យាបាលអ្នកជំងឺណាមុន។ ប្រធានផ្នែកសង្រ្គោះបន្ទាន់នៃមន្ទីរពេទ្យ ប្រេសស៊ីយ៉ា (Brescia) លោក ផាវឡូ ទែរ៉ាកណូលី (Paolo Terragnoli) បានលើកឡើងដូច្នេះថា «នៅកាលៈទេសៈខ្លះ អ្នកត្រូវតែថ្លឹងថ្លែងពីឱកាសជោគជ័យនៃស្ថានភាពអ្នកជំងឺ... យើងបានព្យាយាមប្រឹងប្រែង ដើម្បីសង្រ្គោះមនុស្សគ្រប់រូប តែជាមួយគ្នាយើងក៏ត្រូវតែប្រឹងប្រែង ឱ្យខ្លាំងជាងនេះសម្រាប់អ្នកជំងឺ ដែលមានឱកាសច្រើនផងដែរ»។

អ្នកជំងឺមានវ័យចំណាស់ និងអ្នកជំងឺមានសុខភាពទន់ខ្សោយដែលឆ្លង COVID-19 គឺជារឿងគួរឱ្យស្ដាយ ប៉ុន្តែការពិតមិនអាចប្រកែកបាន នោះគឺពួកគេប្រឈមមុខខ្ពស់ជាងគេនឹងការស្លាប់។

* ការត្រួតពិនិត្យ និងការធ្វើតេស្ដ

បណ្ដាប្រទេសជាច្រើននៅជុំវិញពិភពលោក ក្នុងនោះរួមមានទាំងអ៉ីតាលី កំពុងដោះស្រាយបញ្ហាប្រឈម នៃការខ្វះខាតឧបករណ៍ធ្វើតេស្ដរក COVID-19។ ប្រទេសខ្លះដូចជាអ៉ីតាលីជាដើម សព្វថ្ងៃធ្វើតេស្ដរកជំងឺឆ្លងនេះ តែទៅលើអ្នកជំងឺដែលចេញរោគសញ្ញាហើយដូចជា ក្អកស្ងួត និងក្ដៅខ្លួនតែប៉ុណ្ណោះ។ កូរ៉េខាងត្បូងមានឧបរកណ៍ធ្វើតេស្ដ និងបានដឹកនាំការធ្វើតេស្ដលើមនុស្ស ១០,០០០នាក់ក្នុងមួយថ្ងៃ ខណៈប្រទេសអាល្លឺម៉ង់ក៏កំពុងដើរតាម ប្រទេសកូរ៉េខាងត្បូងដែរ ដោយធ្វើឱ្យអាត្រាអ្នកស្លាប់បានធ្លាក់ចុះបន្តិច។

នៅត្រង់ការលើកឧទាហរណ៍ពីកូរ៉េខាងត្បូង និងអាល្លឺម៉ង់ បានពន្យល់មួយផ្នែកថា តើហេតុអ្វីបានជាការស្លាប់នៅក្នុងប្រទេសអ៉ីតាលី មានកម្រិតខ្ពស់ ហើយតើហេតុអ្វីបានជាប្រទេសមួយចំនួន អាចទប់ស្កាត់ការរីករាលដាលបានលឿន និងរហ័សជាងបណ្ដាប្រទេសដទទៃ។ លោកសាស្ត្រាចារ្យ ម៉ៃឃើញ មីណា (Michael Mina) មកពីសាកលវិទ្យាល័យ ហាវើដ (Harvard University) បាននិយាយថា ការធ្វើតេស្ដលើមនុស្ស ១០០,០០០នាក់ក្នុងមួយថ្ងៃអាចជាជម្រើសមួយដ៏ប្រសើរ សម្រាប់ប្រទេសដូចជាសហរដ្ឋអាមេរិក៕

ប្រភព៖ CNA (ថ្ងៃចន្ទ ទី២៣ ខែមីនា ឆ្នាំ២០២០)