(ហ្សាការតា)៖ ចំនួនអ្នកស្លាប់ដោយសារ COVID-19 នៅក្នុងប្រទេសឥណ្ឌូណេស៊ី បានកើនដល់ ៤៩នាក់ហើយ ខណៈចំនួនករណីឆ្លងបានហក់ដល់ ៥៧៩ករណី បន្ទាប់ពីអ្នកឆ្លងថ្មីៗចំនួន ៦៥នាក់ទៀតត្រូវបានរាយការណ៍នៅល្ងាចថ្ងៃចន្ទ ទី២៣ ខែមីនា ឆ្នាំ២០២០ នេះតែម្តង។ នេះបើតាមអ្នកនាំពាក្យរដ្ឋាភិបាលឥណ្ឌូណេស៊ី ដកស្រង់ផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ។

ចំពោះមុខក្រុមអ្នកសារព័ត៌មាន អ្នកនាំពាក្យរដ្ឋាភិបាលឥណ្ឌូណេស៊ីលោក អាកម៉េដ យូរៀនតូ (Achmad Yurianto) ក៏បានបញ្ជាក់ដែរថា មកទល់នឹងពេលនេះអ្នកជំងឺ COVID-19 សរុប ៣០នាក់ហើយបានជាសះស្បើយ។ លោកបានបន្ថែមថា អាជ្ញាធរក៏បានសម្រេចចិត្តយកអគារស្នាក់ឈ្មោះ វីស្មា (Wisma Atlet Kemayoran) ស្ថិតនៅចំកណ្ដាលរដ្ឋធានីហ្សាការតា ដែលធ្លាប់ត្រូវបានប្រើប្រាស់ ជាកន្លែងទទួលអត្តពលិកក្នុងកម្មវិធីប្រកួតកីឡាអាស៊ីឆ្នាំ២០១៨ (2018 Asian Games) ធ្វើជាមន្ទីរពេទ្យសង្រ្គោះបន្ទាន់ ដើម្បីព្យាបាលអ្នកជំងឺ COVID-19 ផងដែរ។

ចំណែកឯមន្ទីរពេទ្យមួយដែលមានសមត្ថភាពព្យាបាលអ្នកជំងឺ ២៤,០០០នាក់ បានចាប់ធ្វើប្រតិបត្តិការនៅរសៀលថ្ងៃចន្ទ ទី២៣ ខែមីនា ឆ្នាំ២០២០ នេះតែម្ដង។ បច្ចុប្បន្នឥណ្ឌូណេស៊ីឈរនៅលេខ ១ ប្រចាំតំបន់អាស៊ាន ជាប្រទេសដែលមានករណីស្លាប់ដោយសារ COVID-19 ច្រើនជាងគេ៕