(មីយ៉ាន់ម៉ា)៖ ក្រសួងសុខាភិបាល និងកីឡាមីយ៉ាន់ម៉ាបានអំពាវនាវពលករទាំងអស់ ដែលត្រឡប់មកពីប្រទេសថៃ អនុវត្តវិធានការស្នាក់ដាច់ដោយឡែក ដោយខ្លួនឯងនៅក្នុងផ្ទះ ខណៈវាជារឿងមិនអាចទៅរួចឡើយក្នុងការរៀបចំកន្លែង ដើម្បីស្នាក់នៅដាច់ដោយឡែករួមគ្នា សម្រាប់មនុស្សក្នុងចំនួនដ៏ច្រើន។ នេះបើតាមការដកស្រង់ចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃចន្ទ ទី២៣ ខែមីនា ឆ្នាំ២០២០។

នៅក្នុងជំនួបជាមួយគណៈកម្មាធិការកណ្ដាល ដើម្បីបង្ការជំងឺរាតត្បាត រដ្ឋមន្រី្តសុខាភិបាល និងកីឡាមីយ៉ាន់ម៉ាលោក មីន ហាធ្វេ (Myint Htwe) បានគូសបញ្ជាក់ដូច្នេះថា «អ្នកដែលទើបត្រឡប់មកពីក្រៅប្រទេស ចាំបាច់ត្រូវស្ថិតនៅក្នុងផ្ទះ ១៤ ដើម្បីចូលរួមទប់ស្កាត់ការឆ្លង COVID-19 ហើយត្រូវរាយការណ៍ជូនមជ្ឈមណ្ឌលសុខភាពជារៀងរាល់ថ្ងៃ នៅកំឡុងពេល ស្នាក់នៅដាច់ដោយឡែក»។ លើសពីនេះទៅទៀត លោក Myint ក៏បានអំពាវនាវពលករទាំងអស់ ដែលត្រឡប់មកពីប្រទេសថៃ អនុវត្តវិធានការស្នាក់ដាច់ដោយឡែក ដោយខ្លួនឯងនៅក្នុងផ្ទះ។

គួរបញ្ជាក់ថា មកទល់នឹងពេលនេះ ប្រទេសមីយ៉ាន់ម៉ា និងឡាវផងដែរ មិនទាន់រាយការណ៍ពីករណីឆ្លង COVID-19 សូម្បីមួយករណីនៅឡើយទេ។ ប៉ុន្តែបើតាមលោក Myint Htwe រដ្ឋាភិបាលមីយ៉ាន់ម៉ាបានត្រៀមរួចជាស្រេចហើយ នូវគ្រឿងបរិក្ខាពេទ្យ វិធានការបង្ការ និងការព្យាបាល៕