(វ៉ាស៊ីនតោន)៖ អភិបាលរដ្ឋញូយ៉កនៃសហរដ្ឋអាមេរិក លោក អាន់ឌ្រូ គ្យូម៉ូ (Andrew Cuomo) បានថ្លែងឲ្យដឹងថា រដ្ឋរបស់លោកនឹងសាងសង់មន្ទីរពេទ្យបណ្តោះអាសន្នចំនួន ០៤កន្លែង ដើម្បីដោះស្រាយបញ្ហាខ្វះមន្ទីរពេទ្យ ដែលអាចនឹងកើតមាននាពេលខាងមុខដ៏ខ្លី ដោយសារតែចំនួនអ្នកឆ្លងជំងឺ COVID-19 នៅតែបន្តកើនឡើងយ៉ាងគំហុក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានស៊ីនហួរ នារសៀលថ្ងៃចន្ទ ទី២៣ ខែមីនា ឆ្នាំ២០២០។

លោកអភិបាលរដ្ឋបានប្រាប់ក្នុងសន្និសីទកាសែត នាថ្ងៃអាទិត្យ (ពេលវេលានៅវ៉ាស៊ីនត) ថា រដ្ឋញូយ៉កបាននិងកំពុងធ្វើការជាមួយកងវិស្វកម្មយោធា ដើម្បីស្វេងរកទីតាំងចំនួន ០៤ កន្លែងដែលអាចប្រែក្លាយជាមន្ទីរពេទ្យបណ្តោះអាសន្ន សម្រាប់ទទួលអ្នកជំងឺ COVID-19។ ជាមួយគ្នានេះលោកក៏បានបន្ថែមថា «ឥឡូវនេះយើងទទួលបានហើយ។ អ្វីដែលយើងត្រូវធ្វើនៅពេលនេះ គឺធ្វើយ៉ាងណាឲ្យបានឆាប់រួចរាល់ (កសាងមន្ទីរពេទ្យ)»

ទោះជាយ៉ាងណា ក្រុមអ្នកជំនាញបានព្យាករណ៍ទុកថា ចំណុចកំពូលនៃការឆ្លងរីករាលដាលនៃជំងឺ COVID-19 នៅក្នុងរដ្ឋញូយ៉ក អាចកើតមានឡើងនៅដើមខែឧសភាខាងមុខ ដែលទាមទាឲ្យមានគ្រែពេទ្យយ៉ាងហោចណាស់ក៏ ១១ម៉ឺនគ្រែដែរ ខណៈបច្ចុប្បន្ននេះមានប្រមាណត្រឹមតែ ៥៣,០០០គ្រែប៉ុណ្ណោះ។

ជុំវិញរឿងនេះដែរ លោកអភិបាលរដ្ឋក៏បានជំរុញឲ្យលោកប្រធានាធិបតី ដូណាល់ ត្រាំ អនុវត្តច្បាប់ផលិតកម្មការពារជាតិ ដែលតម្រូវឲ្យក្រុមហ៊ុនឯកជន ផលិតឧបករណ៍វេជ្ជសាស្ត្រចាំបាច់។ លោកបាននិយាយយ៉ាងដូច្នេះថា «យើងទទួលបានការទាមទារយ៉ាងទទូច ពីសំណាក់មន្ទីរពេទ្យនៅទូទាំងរដ្ឋ។ ខ្ញុំបាននិយាយជាមួយអភិបាលរដ្ឋផ្សេងទៀត នៅទូទាំងប្រទេស។ ពួកគេមានស្ថានភាពដូចគ្នា។ ដូច្នេះខ្ញុំគិតថា រដ្ឋាភិបាលសហព័ន្ធគួរតែប្រើ ច្បាប់ផលិតកម្មការពារជាតិជាបន្ទាន់»

គួរជម្រាបថា កាលពីព្រឹកថ្ងៃអាទិត្យម្សិលមិញ (ម៉ោងនៅវ៉ាស៊ីនតោន) អភិបាលក្រុងញូយ៉កលោក បៀល ដឺ ប្លាស៊ីយ៉ូ (Bill de Blasio) បាននិយាយថា ទីក្រុងដែលមានករណីឆ្លង COVID-19 សរុបចំនួន ៩,០០០ករណីមួយនេះ នឹងខ្វះខាតគ្រឿងបរិក្ខាពេទ្យសម្រាប់ប្រើប្រាស់ដូចជា ស្រោមដៃ និងម៉ាស់ជាដើម ក្នុងរយៈពេល ១០ថ្ងៃទៀត។ រហូតមកទល់នឹងពេលនេះ នៅទូទាំងសហរដ្ឋអាមេរិក មានអ្នកឆ្លងជាង ៣៣,០០០ករណីហើយ ក្នុងនោះអ្នកជំងឺជាង ៤០០នាក់ស្លាប់៕