(គូឡាឡាំពួរ)៖ ចំនួនអ្នកស្លាប់ដោយសារ COVID-19 នៅក្នុងប្រទេសម៉ាឡេស៊ី បានកើនដល់១១នាក់ហើយ បន្ទាប់ពីអ្នកជំងឺម្នាក់បន្ថែមទៀត ត្រូវបានគេរាយការណ៍ថា បានស្លាប់។ នេះបើតាមអគ្គនាយកសុខាភិបាលម៉ាឡេស៊ី ដកស្រង់ចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃចន្ទ ទី២៣ ខែមីនា ឆ្នាំ២០២០។

នៅក្នុងសារបង្ហោះលើ Facebook នៅថ្ងៃចន្ទនេះ អគ្គនាយកសុខាភិបាលម៉ាឡេស៊ី លោក Noor Hisham Abdullah បានបញ្ជាក់ថា ជនរងគ្រោះខាងលើ គឺជាបុរសពលរដ្ឋ ម៉ាឡេស៊ីម្នាក់ មានអាយុ៧០ឆ្នាំ និងមានជំងឺប្រចាំកាយស្រាប់។ លោកបន្ថែមថា បុរសចំណាស់រូបនេះ ធ្លាប់ធ្វើដំណើរទៅកាន់ប្រទេសឥណ្ឌូណេស៊ី កាលពីខែកុម្ភៈ ឆ្នាំ២០២០ ហើយគាត់មានរោគសញ្ញា COVID-19 កាលពីមួយសប្ដាហ៍មុន និងបានសម្រាកព្យាបាលនៅមន្ទីរពេទ្យកាលពីថ្ងៃទី១៨ ខែមីនា ក៏ដូចជាត្រូវបានធ្វើតេស្ដរកឃើញថាផ្ទុកជំងឺនេះ នៅថ្ងៃទី១៩ ខែមីនា។

គួរជម្រាបថា បើតាមលោក Abdullah បុរសម្នាក់នេះដែលជាករណីឆ្លងទី១,០៧០ បានស្លាប់កាលពីថ្ងៃទី២២ ខែមីនា នៅវេលាម៉ោង ៩៖៥០នាទីយប់។ គិតត្រឹមថ្ងៃអាទិត្យម្សិលមិញ អ្នកឆ្លងសរុប នៅក្នុងប្រទេសម៉ាឡេស៊ី បានកើនដល់១,៣០៦នាក់៕