(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានសម្រេចចិត្តយល់ព្រមលើសំណើរបស់អភិបាលរដ្ឋកាលីហ្វ័ញ៉ា សម្រាប់សេចក្តីប្រកាសពីគ្រោះមហន្តរាយដ៏ធំ ឬក៏ហៅថា « Major disaster» នៅរដ្ឋកាលីហ្វ័រញ៉ា ដើម្បីជំរុញដល់កិច្ចប្រឹងប្រែងឆ្លើយតបជាបន្ទាន់ ទៅនឹងការរីករាលដាល នៃជំងឺរាតត្បាតសកល COVID-19 របស់រដ្ឋដែល មានប្រជាជនច្រើនជាងគេមួយនេះ។ នេះបើយោងតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Los Angeles Times នៅថ្ងៃចន្ទ ទី ២៣ ខែមីនា ឆ្នាំ ២០២០។

ក្នុងលិខិតមួយដែលបានផ្ញើទៅកាន់លោកប្រធានាធិបតី ដូណាល់ ត្រាំ អភិបាលរដ្ឋកាលីហ្វ័ញ៉ា លោក Newsom យ៉ាងដូច្នេះថា «ជាអកុសលរដ្ឋកាលីហ្វ័រញ៉ាទទួលរងគ្រោះ យ៉ាងខ្លាំងពីសំណាក់ជំងឺ COVID-19។ ក្រៅពីរដ្ឋកាលីហ្វ័រញ៉ា ជាកន្លែងរស់នៅរបស់មនុស្សជិត ៤០ លាននាក់ ដែលប្រឈមនឹងបញ្ហាខាងផ្នែកដឹកជញ្ជូនស្រាប់ រដ្ឋមួយនេះ បានសហការជាមួយរដ្ឋាភិបាលសហព័ន្ធ ក្នុងបេសកកម្មការធ្វើមាតុភូមិនិវត្តន៍ដែលស្មុគស្មាញ និងលំបាកជាច្រើនដែលបានធ្វើឲ្យប៉ះពាល់ដល់ធនធាន និងប្រព័ន្ធផ្តល់ សេវាថែទាំសុខភាពរបស់រដ្ឋជាខ្លាំងផងដែរ»

ជាមួយគ្នានេះ លោក Newsom ក៏បានកត់សំគាល់នៅក្នុងលិខិតនោះដែរថា គាត់បានចេញបទបញ្ជាប្រតិបត្តិចំនួន ១០ នៅកាលពីសប្តាហ៍មុនដើម្បីជួយសម្រួល ដល់ការឆ្លើយតបយ៉ាងឆាប់រហ័ស ចំពោះមុខនៃការផ្ទុះឡើងនៃជំងឺ COVID-19។

ការសម្រេចយល់ព្រមលើការប្រកាសពីគ្រោះមហន្តរាយដ៏ធំ សម្រាប់រដ្ឋកាលីហ្វ័ញ៉ានេះ មានន័យថា រដ្ឋាភិបាលនៃរដ្ឋសហព័ន្ធនឹងផ្តល់ជំនួយគ្រប់ប្រភេទដល់រដ្ឋមួយនេះ ដើម្បីជួយស្តារស្ថានការណ៍ដែលបាន និងកំពុងតែជួបប្រទះការខូចខាតធ្ងន់ធ្ងរ។

បន្ថែមលើការអនុម័តសេចក្តីប្រកាសគ្រោះមហន្តរាយដ៏ធំ លោកត្រាំ ក៏បានប្រកាសនៅក្នុងសន្និសីទសារព័ត៌មាន មួយកាលពីថ្ងៃអាទិត្យម្សិលមិញដដែលនោះថា លោកបានចុះហត្ថលេខាលើឯកសារ ដើម្បីឲ្យរដ្ឋាភិបាលសហព័ន្ធបង់ប្រាក់សម្រាប់ការដាក់ពង្រាយឆ្មាំជាតិនៅរដ្ឋកាលីហ្វ័រញ៉ា, ញូវយ៉ក និងវ៉ាស៊ីនតោនផងដែរ។

គួរជម្រាបថា រហូតមកដល់ពេលនេះ សហរដ្ឋអាមេរិកបានរាយការណ៍ពីករណីឆ្លងជំងឺ COVID-19 ចំនួន ៣៤,៧១៧ ករណីហើយនៅទូទាំងប្រទេសដែលមានរដ្ឋចំនួន ៥០ មួយនេះ ក្នុងនោះ ៤៥២ នាក់ស្លាប់បាត់បង់ជីវិត៕