(វ៉ាស៊ីនតោន)៖ ក្រសួងយុត្តិធម៌អាមេរិកបានប្រកាសឲ្យដឹង អំពីការបង្ក្រាបវែបសាយមួយ ដែលផ្សព្វផ្សាយឆបោកគេឯង លើបណ្តាញអ៉ីនណែតថា ខ្លួនមានលក់វ៉ាក់សាំងប្រឆាំងនឹងវីរុសកូរ៉ូណាថ្មី ដែលបង្កជាជំងឺ COVID-19 ដ៏កាចសាហាវ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី សារព័ត៌មាន CNA នៅរសៀលថ្ងៃចន្ទ ទី២៣ ខែមីនា ឆ្នាំ២០២០។

នេះគឺជាការធ្វើសកម្មភាពដំបូងរបស់ក្រសួងយុត្តិធម៌អាមេរិក ដើម្បីប្រយុទ្ធនឹងអំពើឆបោក ពាក់ព័ន្ធនឹង COVID-19 ដែលបានសម្លាប់ មនុស្សច្រើនជាង ៤០០នាក់ និងបង្កផលប៉ះពាល់ដល់ជីវិតរស់នៅ របស់មនុស្សរាប់លាននាក់ នៅទូទាំងសហរដ្ឋអាមេរិក។

គួរជម្រាបថា បើតាមក្រសួងយុត្តិធម៌អាមេរិក វែបសាយឆបោកខាងលើ បានអះអាងថា ខ្លួនអាចផ្តល់ឱកាសឲ្យអ្នកចង់បានវ៉ាក់សាំងការពារវីរុសកូរ៉ូណាថ្មី ទទួលបានវ៉ាក់សាំងពីអង្គការសុខភាពពិភពលោក (WHO) ប៉ុន្តែពួកគេត្រូវបង់ថ្លៃសេវាដឹកជញ្ជូនចំនួន ៤.៩៥ដុល្លារអាមេរិក។ ក្រសួងយុត្តិធម៌អាមេរិកបានបញ្ជាក់ថា បច្ចុប្បន្នពុំទាន់មានវ៉ាក់សាំងផ្លូវការណាមួយ នៅឡើយទេពាក់ព័ន្ធនឹង COVID-19 ដែលត្រូវបានអង្គការ WHO សម្រេចឲ្យប្រើប្រាស់ជាសកលនោះ៕