(បាងកក)៖ ក្រសួងសុខាភិបាលសាធារណៈថៃ នៅថ្ងៃចន្ទនេះបានប្រកាសពីការរកឃើញ ករណីឆ្លងថ្មីនៃជំងឺ COVID-19 ១២២នាក់បន្ថែមទៀត ធ្វើឱ្យចំនួនអ្នកឆ្លងសរុបទូទាំងប្រទេសកើនដល់ ៧២១ករណី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅរសៀលថ្ងៃចន្ទ ទី២៣ ខែមីនា ឆ្នាំ២០២០។

បើតាមអ្នកនាំពាក្យក្រសួងសុខាភិបាលសាធារណៈថៃ លោក ថាវីស៊ីន វីសានុយោធិន (Taweesin Wisanuyothin) បាបបញ្ជាក់ថា ក្នុងចំណោមករណីឆ្លងថ្មីខាងលើមានអ្នកឆ្លង ២០នាក់មានជាប់ពាក់ព័ន្ធនឹង ករណីឆ្លងមុនៗ និង ១០នាក់នាំចូលពីបរទេស ហើយ ៩២នាក់ទៀត ត្រូវបានតេស្ដវិជ្ជមាននៅក្នុងប្រទេស និងកំពុងរង់ចាំការស៊ើបអង្កេតថា តើពួកគេឆ្លង COVID-19 ដោយរបៀបណា។

បច្ចុប្បន្ន ថៃមានមនុស្សម្នាក់ស្លាប់ដោយសារ COVID-19 ៥២នាក់ជាសះស្បើយ និង ៦៦៨នាក់បន្តស្នាក់នៅព្យាបាលនៅមន្ទីរពេទ្យនៅឡើយ៕