(ហ្សាការតា)៖ ឧបករណ៍ធ្វើតេស្ត COVID-19 ប្រមាណ ៨០០,០០០កំផ្លេរបស់ចិន ត្រូវបានបញ្ជូនទៅដល់រដ្ឋធានីហ្សាការតារបស់ឥណ្ឌូណេស៊ី នាថ្ងៃចន្ទនេះ រួមជាមួយសម្ភារៈជាច្រើនទៀត។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានស៊ីនហួរ នៅព្រឹកថ្ងៃចន្ទ ទី២៣ ខែមីនា ឆ្នាំ២០២០។

យោងតាមការិយាល័យអាកាសចរណ៍ចិន សៀមិន (Xiamen) ប្រចាំនៅហ្សាការតា ក្រៅពីឧបករណ៍ធ្វើតេស្ត ក៏មានគ្រឿងបរិក្ខាវេជ្ជសាស្ត្រផ្សេងៗទៀតដែរ ដូចជាស្រោមដៃរាប់សិបម៉ឺនគូ និងគ្រឿងបរិក្ខាទប់ស្កាត់ការឆ្លងរាលដាលនៃ COVID-19 ប្រហែល ១៧តោន។ របស់របរទាំងអស់នេះ បានមកដល់អាកាសយានដ្ឋាននៃទីក្រុងហ្សាការតា នៅព្រឹកថ្ងៃចន្ទនេះតែម្តង ក្រោមការសម្របសម្រួល និងដឹកជញ្ជូនដោយក្រុមហ៊ុន Xiamen បន្ទាប់ពីរដ្ឋាភិបាលបានស្នើសុំជំនួយ កាលពី០២ថ្ងៃមុន។

គួរជម្រាបថា គិតត្រឹមថ្ងៃអាទិត្យម្សិលមិញ ចំនួនអ្នកឆ្លង COVID-19 នៅឥណ្ឌូណេស៊ីបានកើនដល់ ៥១៤នាក់ និងស្លាប់ ៤៨នាក់ ក្រោយករណីឆ្លង COVID-19 ដំបូងទើបតែត្រូវបានប្រកាសរកឃើញ កាលពីដើមខែមីនា នេះប៉ុណ្ណោះ។ រីឯកាលពីថ្ងៃសុក្រសប្តាហ៍មុន អភិបាលហ្សាការតា លោក អាស្វេដាន (Anies Baswedan) បានប្រកាសដាក់ទីក្រុងមានប្រជាជន ១០លាននាក់នេះទៅក្នុងគ្រាមានអាសន្នរយៈពេល ០២សប្តាហ៍ ខណៈវាគឺជាចំណុចកណ្តាលនៃការឆ្លងរាលដាល COVID-19៕