(តេហេរ៉ង់)៖ មេដឹកនាំកំពូលអ៉ីរ៉ង់លោក អាយ៉ាតូលឡាហ៍ អាលី ខាមេនី (Ayatollah Ali Khamenei) បានបដិសេធទទួលយកជំនួយពីសហរដ្ឋអាមេរិក ដើម្បីយកមកប្រើប្រាស់ ក្នុងការប្រយុទ្ធប្រឆាំងជាមួយនឹង COVID-19 ដោយអះអាងថា រដ្ឋាភិបាលអាមេរិកគឺជាអ្នកបង្កើតវីរុសកូរ៉ូណាថ្មីនេះ។ នេះបើតាមការដកស្រង់ការផ្សាយពីសារព័ត៌មាន Al Jazeera នៅព្រឹកថ្ងៃចន្ទ ទី២៣ ខែមីនា ឆ្នាំ២០២០។

លោក Khamenei ធ្វើការកត់សម្គាល់ខាងលើ ចំពេលដែលអ៉ីរ៉ង់កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយសារ COVID-19 និងទណ្ឌកម្មសេដ្ឋកិច្ចពីសំណាក់ទីក្រុងវ៉ាស៊ីនតោន ដែលបានរារាំងទីក្រុងតេហេរ៉ង់លក់ប្រេងឆៅ និងចូលទៅកាន់ទីផ្សារហិរញ្ញវត្ថុអន្តរជាតិ។

ថ្លែងនៅក្នុងសុន្ទរកថាមួយ ដែលផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍ កាលពីថ្ងៃអាទិត្យ នាឱកាសថ្ងៃចូលឆ្នាំថ្មីរបស់ពែកស្ស៍ លោក Khamenei បានគូសបញ្ជាក់ត្រង់ៗយ៉ាងដូច្នេះថា «តើនរណាគេអាចជឿជាក់ ហើយទទួលថ្នាំពីអ្នក (អាមេរិក) បាន? ថ្នាំរបស់អ្នកអាចនឹងធ្វើឱ្យ ជំងឺនេះឆ្លងរឹតតែខ្លាំងក៏ថាបាន... អ្នកចង់បញ្ជូនគ្រូពេទ្យ ឬក្រុមអ្នកជំនាញប្រហែលជាអ្នកចង់ឃើញពីប្រសិទ្ធភាពថ្នាំពុលរបស់អ្នក ដែលអ្នកផលិតដោយផ្ទាល់ដៃ»

មេដឹកនាំកំពូលអ៉ីរ៉ង់រូបនេះ បានបន្ថែមដោយមិនបានបង្ហាញភស្តុតាងទៀតថា សហរដ្ឋអាមេរិកគឺជាអ្នកបង្កើត COVID-19 ដើម្បីបំផ្លាញអ៉ីរ៉ង់ តាមរយៈការប្រើប្រាស់ទិន្នន័យហ្សែនរបស់ប្រជាជនអ៉ីរ៉ង់ ដែលពួកគេទទួលបានតាមវិធីសាស្ត្រផ្សេងៗ។

គួរជម្រាបថា គិតត្រឹមយប់ថ្ងៃអាទិត្យម្សិលមិញ ចំនួនមនុស្សស្លាប់ដោយសារតែជំងឺរាតត្បាតសកល COVID-19 នៅទូទាំងប្រទេសអ៉ីរ៉ង់បានកើនឡើងដល់ ១,៦៨៥នាក់ហើយ ក្នុងចំណោមករណីឆ្លងសរុប ២១,៦៣៨ករណី ខណៈអ្នកជំងឺ ៧,៩១៣នាក់ ក៏បានជាសះស្បើយរួចទៅហើយដែរ៕