(ប៊ែរឡាំង)៖ អធិការបតីអាល្លឺម៉ង់ លោកស្រី អាន់ជែលឡា មឺគែល (Angela Merkel) ត្រូវអនុវត្តវិធានការនៅដាច់ដោយឡែកពីគេឯងរយៈពេល ១៤ថ្ងៃ បន្ទាប់ពីបានប៉ះពាល់ជាមួយវេជ្ជបណ្ឌិតម្នាក់ ដែលបានឆ្លង COVID-19។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃចន្ទ ទី២៣ ខែមីនា ឆ្នាំ២០២០។

បើតាមអ្នកនាំពាក្យរបស់លោកស្រី មឺគែល បានបញ្ជាក់ថា លោកស្រីនឹងបន្តធ្វើការពីផ្ទះ ហើយនឹងទទួលការធ្វើតេស្ដសុខភាពជាបន្តបន្ទាប់ នៅប៉ុន្មានថ្ងៃខាងមុខទៀតនេះ។ កាលពីថ្ងៃសុក្រកន្លងទៅ លោកស្រីអធិការបតីអាល្លឺម៉ង់ បានទទួលការចាក់វ៉ាក់សាំង ការពារជំងឺរលាកសួតពីវេជ្ជបណ្ឌិតម្នាក់ ដែលក្រោយមកត្រូវបានគេធ្វើតេស្ដរកឃើញផ្ទុក COVID-19។ បន្ថែមពីលើនេះ កាលពីថ្ងៃអាទិត្យនោះដែរ លោកស្រីក៏បានប្រកាសដាក់ចេញវិធានការថ្មីផងដែរ ដោយហាមឃាត់ការជួបជុំមនុស្សច្រើនជាង ២នាក់ឡើងទៅ ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លង COVID-19។

លោកស្រី មឺគែល មានអាយុ ៦៥ឆ្នាំ កាលពីឆ្នាំ២០១៩ ធ្លាប់ត្រូវបានគេរាយការណ៍ថា មានបញ្ហាសុខភាពជាច្រើនដង ជាពិសេសកំឡុងលោកស្រីញ័រខ្លួនប្រាណជាច្រើនដង ពេលទទួលស្វាគមន៍ថ្នាក់ដឹកនាំ មកពីប្រទេសមួយចំនួន។ បើតាមតួលេខចុងក្រោយ នៅអាល្លឺម៉ង់មានអ្នកឆ្លង COVID-19 សរុប ២៣,៩៧៤ករណី ក្នុងនោះ ៨៤នាក់ស្លាប់៕