(វ៉ាស៊ីនតោន)៖ ចំនួនករណីឆ្លងសរុបនៃជំងឺ COVID-19 នៅសហរដ្ឋអាមេរិក បានស្ទុះឡើងមកឈរលំដាប់ទី៣ នៅទូទាំងសកលលោក ដោយនៅបន្ទាប់ពីប្រទេសចិន និងអ៊ីតាលីដែលជាប្រទេសដែលរងគ្រោះធ្ងន់ធ្ងរបំផុត ដោយសារជំងឺនេះនៅអាស៊ី និងអ៊ឺរ៉ុប។ ពោល គឺវាបានវ៉ាលើសប្រទេសអ៊ីរ៉ង់ និងប្រទេសអាល្លឺម៉ង់ទៅទៀតកាលពីចុងសប្តាហ៍មុន។ នេះបើយោងតាមការចេញផ្សាយសារព័ត៌មាន CNN នាព្រឹកថ្ងៃចន្ទ ទី២៣ ខែមីនា ឆ្នាំ២០២០។

យោងតាមអាជ្ញាធរសុខាភិបាលអាមេរិក បានឲ្យដឹងថា មានប្រជាពលរដ្ឋអាមេរិកយ៉ាងហោចណាស់៣២,១៤៩នាក់ បានតេស្តឃើញវិជ្ជមានចំពោះជំងឺ COVID-19 បើគិតត្រឹមព្រឹកថ្ងៃចន្ទនេះ ខណៈចំនួនអ្នកស្លាប់ដោយសារជំងឺដ៏កាចសាហាវមួយនេះ ក៏បានកើនលើសពី៤០០នាក់ឯណោះ នៅទូទាំងសហរដ្ឋអាមេរិក។

នៅចំពោះមុខសន្ទុះនៃការរីករាលដាលនៃជំងឺ COVID-19 យ៉ាងឆាប់រហ័សក្នុងប្រទេស រដ្ឋាភិបាលអាមេរិកក្រោមការដឹកនាំដោយ លោកប្រធានាធិបតី ដូណាល់ ត្រាំ បានដាក់ចេញនូវវិធានការជាច្រើន ដើម្បីទប់ស្កាត់ជំងឺរាតត្បាតសកលដ៏អាក្រក់មួយនេះ។ ក្នុងចំណោមវិធានទាំងនោះ រួមមានការរឹតត្បិតលើការធ្វើដំណើរ, បិទច្រកព្រំដែន ក៏ដូចជាការបញ្ចេញកញ្ចប់ថវិកាជាតិ ដ៏ច្រើនសន្ធឹកសន្ទាប់ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺនេះជាដើម។

ជាមួយគ្នានេះ បណ្តារដ្ឋអាមេរិកយ៉ាងហោចណាស់ចំនួន០៨ បានចេញបទបញ្ជាឲ្យប្រជាពលរដ្ឋរបស់ខ្លួន ស្នាក់នៅក្នុងផ្ទះជាកំហិតផងដែរ ព្រោះតែសន្ទុះនៃការឆ្លង COVID-19 នៅតាមបណ្តារដ្ឋទាំងនោះ ចេះតែកើនឡើងយ៉ាងគំហុកពីមួយថ្ងៃទៅមួយថ្ងៃ។

គួរជម្រាបថា បច្ចុប្បន្នរដ្ឋទាំង៥០ នៅក្នុងសហរដ្ឋអាមេរិក សុទ្ធតែមានករណីឆ្លង COVID-19 ខណៈរដ្ឋដែលរងគ្រោះធ្ងន់ធ្ងរជាងគេ គឺមានដូចជាញូវញ៉ក (New York), វ៉ាស៊ីនតោនស្ទេត (Washington), ញូជឺស៊ី (New Jersey), កាលីហ្វ័រញ៉ា (California), មីឈីហ្គែន (Michigan) និងរដ្ឋផ្លរីដា (Florida) ជាដើម ដោយរដ្ឋនីមួយៗ មានករណីឆ្លងលើសពី១,០០០ករណី។ គិតត្រឹមយប់ថ្ងៃអាទិត្យ (ពេលវេលានៅវ៉ាស៊ីនតោន) អាមេរិកបានធ្វើតេស្តសុខភាពលើមនុស្ស២៥៤,០០០នាក់ហើយ ដើម្បីស្វែងរកអ្នកផ្ទុក COVID-19៕