(ម៉ូស្គូ)៖ យោធារុស្ស៊ី នឹងចាប់ផ្ដើមបញ្ជូនជំនួយវេជ្ជសាស្ត្រ និងក្រុមគ្រូពេទ្យជំនាញរបស់ខ្លួន ទៅកាន់ប្រទេសអ៉ីតាលី នៅថ្ងៃអាទិត្យនេះ ដើម្បីជួយប្រយុទ្ធប្រឆាំងនឹង COVID-19 បន្ទាប់ពីទទួលបានបញ្ជាពីលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន។ នេះបើតាមក្រសួងការពារជាតិរុស្ស៊ី ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី២២ ខែមីនា ឆ្នាំ២០២០។

ប្រកាសខាងលើរបស់ក្រសួងការពារជាតិរុស្ស៊ី ធ្វើឡើងបន្ទាប់ពីលោក ពូទីន បានជួបសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីអ៉ីតាលី លោក Giuseppe Conte កាលពីថ្ងៃសៅរ៍ ម្សិលមិញ។ ក្រសួងការពារជាតិរុស្ស៊ី បានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួនទៀតថា យន្ដហោះដឹកជញ្ជូនយោធារុស្ស៊ីនឹងបញ្ជូន យានពិសេសបាញ់សម្លាប់មេរោគ និងបរិក្ខាពេទ្យដទៃទៀតដល់អ៉ីតាលី។ មិនតែប៉ុណ្ណោះ រុស្ស៊ីក៏នឹងបញ្ជូនពេទ្យយោធាជំនាញខាងវីរុស និងជំងឺឆ្លង ១០០នាក់ ឱ្យទៅជាអ៉ីតាលីផងដែរ។

អ៉ីតាលី មានអ្នកស្លាប់ដោយសារ COVID-19 ៤,៨២៥នាក់ និងឆ្លង ៥៣,៥៧៨ករណី គិតត្រឹមថ្ងៃសៅរ៍ម្សិលមិញ ខណៈរុស្ស៊ីវិញមានអ្នកឆ្លង៣០៦ករណី ក្នុងនោះមានម្នាក់ បានស្លាប់ ហើយភាគច្រើននៃករណីឆ្លងត្រូវបានរាយការណ៍ក្នុងទីក្រុងម៉ូស្គូ៕