(គូឡាឡាំពួរ)៖ អាជ្ញាធរសុខាភិបាលម៉ាឡេស៊ី នៅថ្ងៃអាទិត្យនេះ បានប្រកាសថាគ្រូពេទ្យម្នាក់ដែលបានឆ្លង COVID-19 បានទទួលមរណភាពហើយ ធ្វើឱ្យចំនួន អ្នកស្លាប់សរុបដោយសារជំងឺនេះ កើនដល់៩នាក់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃអាទិត្យ ទី២២ ខែមីនា ឆ្នាំ២០២០។

បើតាមអគ្គនាយកសុខាភិបាលម៉ាឡេស៊ី លោក Noor Hisham Abdullah គ្រូពេទ្យដែលបានស្លាប់ខាងលើមានអាយុ៤៨ឆ្នាំ និងជាអ្នកជំងឺ COVID-19 ទី៨៩០ នៅក្នុង ប្រទេស ហើយគាត់ធ្លាប់មានប្រវត្តិធ្វើដំណើរទៅកាន់ប្រទេសតួកគី។ លោក បន្ថែមថា ករណីនេះប្រហែលជាការឆ្លងនៅឯបរទេស មិនមានជាប់ពាក់ព័ន្ធនឹងករណីឆ្លង ដោយសារតែការព្យាបាលអ្នកជំងឺ COVID-19 នោះទេ។

គិតត្រឹមថ្ងៃសៅរ៍ម្សិលមិញ ម៉ាឡេស៊ី មានឆ្លង COVID-19 ១,១៨៣ករណី ក្នុងនោះមាន១១៤នាក់ បានជាសះស្បើយទាំងស្រុង៕