(តូក្យូ)៖ ក្រសួងការបរទេសជប៉ុន បានណែនាំឱ្យពលរដ្ឋរបស់ខ្លួនទាំងអស់ ជៀសវាង ការធ្វើដំណើរដែលមិនមានភាពចាំបាច់ និងគ្មានភាពបន្ទាន់ ទៅកាន់ សហរដ្ឋអាមេរិក ដោយសារតែការបារម្ភពីការឆ្លង COVID-19។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី២២ ខែមីនា ឆ្នាំ២០២០។

នៅក្នុងសារណែនាំមួយបង្ហោះលើគេហទំព័ររបស់ខ្លួន ក្រសួងការបរទេសជប៉ុន បានបញ្ជាក់ថា ការណែនាំ ក៏ដូចជាការព្រមានពីការធ្វើដំណើរទៅកាន់ សហរដ្ឋអាមេរិក ធ្វើឡើងដោយផ្អែកលើការប្រកាសដាក់ប្រទេសក្នុងគ្រាមានអាសន្ន ដោយលោកប្រធានាធិបតី ដូណាល់ ត្រាំ កាលពីដែមខែមីនា កន្លងទៅ ព្រមទាំងការចាត់វិធានការរឹតត្បិតការធ្វើដំណើរលើបណ្ដាប្រទេសអឺរ៉ុប របស់សហរដ្ឋអាមេរិក ដើម្បីទប់ស្កាត់ និងបង្ការ COVID-19។

ចំនួនអ្នកស្លាប់ដោយសារជំងឺ COVID-19 នៅទូទាំងសហរដ្ឋអាមេរិកបានកើនដល់ ៣០២នាក់ហើយ និងឆ្លងជាង ២៣,៥៧២ករណី គិតត្រឹមថ្ងៃសៅរ៍ ម្សិលមិញ ហើយក្នុងនោះករណីឆ្លងច្រើនជាងគេគឺនៅក្នុងរដ្ឋញូយ៉ក។ មកទល់នឹងបច្ចុប្បន្ន រដ្ឋទាំង៥០ នៅក្នុងសហរដ្ឋអាមេរិក សុទ្ធតែមានករណី COVID-19៕