(តេហេរ៉ង់)៖ អាជ្ញាធរអ៉ីរ៉ង់បានរាយការណ៍ឲ្យដឹងថា ចំនួនមនុស្សស្លាប់ដោយសារជំងឺរាតត្បាតសកល COVID-19 នៅក្នុងសាធារណរដ្ឋឥស្លាមមួយនេះ បានកើនឡើងដល់ ១,៥៥៦នាក់ហើយ ក្នុងចំណោមករណីឆ្លងសរុប ២០,៦១០ករណី ហើយអ្នកជំងឺសរុប ៧,៦៣៥នាក់ក៏បានជាសះស្បើយផងដែរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាល្ងាចថ្ងៃសៅរ៍ ទី២១ ខែមីនា ឆ្នាំ២០២០។

គួរបញ្ជាក់ថា ករណីដំបូងនៃវីរុសកូរ៉ូណាថ្មី (COVID-19) ត្រូវបានរកឃើញនៅប្រទេសអ៉ីរ៉ង់ កាលពីថ្ងៃទី១៩ ខែកុម្ភៈ ហើយចាប់តាំងពីនោះមក ករណីឆ្លងគ្នាបានផ្ទុះឡើងជាបន្តបន្ទាប់ នាំឲ្យអ៉ីរ៉ង់ក្លាយជាប្រទេសរងគ្រោះខ្លាំងជាងគេ នៅក្នុងតំបន់មជ្ឈិមបូព៌ា និងធ្ងន់ធ្ងរមួយផងដែរលើពិភពលោក។ ប្រទេសចិនក៏បានបញ្ជូនក្រុមជំនាញវេជ្ជសាស្ត្រ ០៥រូបផងដែរទៅកាន់អ៉ីរ៉ង់ ដើម្បីជួយប្រទេសនេះទប់ទល់ COVID-19៕